នី សុភី ជួបឆៃ សារ៉ា ខណៈឌុម កែវដា ជួបសូត្រ ខេវិន ដើម្បីដណ្តើមប្រាក់លាន

0
1184

ភ្នំពេញ ៖ កីឡាករជើងចាស់នី សុភី អ្នកប្រដាល់របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក ជួបកីឡាករឆៃ សារ៉ា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ខណៈកីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ជួបកីឡាករសូត្រ ខេវិន អ្នកប្រដាល់នៃក្លិបបក្សីស្លាបដែក ដើម្បីដណ្តើមប្រាក់លាននាថ្ងៃអាទិត្យទី០៤ ខែមេសា ឆ្នាំ២០២១នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករនី សុភី ដែលជួបជាមួយកីឡាករឆៃ សារ៉ា ក្នុងប្រភេទទម្តន់៦៩គីឡូក្រាម អ្នកប្រដាល់នី សុភី ប្រមាណជាជាង១ឆ្នាំមុននរណាក៏ទទួលស្គាល់ថា គេមានស្នៀតជង្គង់ល្អដែរ ពេលប្រកួតរាល់លើក សុទ្ធតែផ្តួលដៃគូតស៊ូពីក្បាច់ជង្គង់ពិឃាតរបស់គេនេះតែម្តង។ ការប្រកួតទាំងថ្នាក់ជាតិនិងអន្តរៈជាតិ សុភីគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់នេះណាស់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បានហើយមានប្រសិទ្ធិភាពទៀត។ តែមួយរយៈចុងក្រោយនេះគេធ្វើមិនបានល្អឡើយ ដោយប្រកួតចាញ់ច្រើនជាងឈ្នះ។
រីឯកីឡាករឆៃ សារ៉ា ជាអ្នកប្រដាល់ស្រករក្រោយទេ តែការប្រកួតកន្លងមកស្នៀតកែង និងជង្គង់របស់ឆៃ សារ៉ា ដែលវាយចេញប្រយោលក៍បានចូលគៀកក៍បាននោះ បានធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួល គូរប្រកួតដ៍អស្ចារ្យទៀតផង។ ចំណែកឯស្នៀតជើងទាត់របស់ឆៃ សារ៉ា ក៍ល្អហើយខ្លាំងណាស់ដែរ។ ប៉ុន្តែយ៉ាងណា កីឡាករឆៃ សារ៉ា ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់គេវាយចេញរាងយឺតបន្តិចប៉ុណ្ណោះ។ ចាំមើលកីឡាករឆៃ សារ៉ា ជាអ្នកឈ្នះឫកីឡាករនី សុភី?។
ដោយឡែកកីឡាករសំពោងជ័យ ឌុម កែវដា ជួបជាមួយកីឡាករសូត្រ ខេវិន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ កីឡាករ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។
ចំណែកកីឡាករសូត្រ ខេវិន គេល្អទាំងក្បាច់ និងកាយសម្បទា តែចិត្តប្រដាល់នៅតូច គឺចិត្តរបស់គេរាងល្អាៗមិនសូវហ៊ានប្តូរនោះទេ។ បើចិត្តគេដាច់ជាងហ្នឹងទៀត គេនឹងក្លាយជាកីឡាករល្អម្នាក់ ព្រោះកម្ពស់គេក៏ល្អ ហើយរូបរាងគេល្អថែមទៀត គឺល្អមួយចប់តែម្តង។ ដូចនេះជួបជាមួយកីឡាករឌុម កែវដា ត្រូវបានអ្នកតាមដានអះអាងថា ភាគរយឈ្នះហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករឌុម កែវដា ជាអ្នកឈ្នះឬកីឡាករសូត្រ ខេវិន?៕

Facebook Comments
Loading...