បុរសរងគ្រោះវ័យចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃ ត្រូវភ្លើងឆេះរោលខ្លោចខ្លួន

0
555

ត្បូងឃ្មុំ ៖ បុរសរងគ្រោះវ័យចំណាស់ម្នាក់ចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះលឿនរត់គេចពីភ្លើងមិនរួចបានស្លាប់ដោយសារភ្លើងឆេះព្រៃ ឆេះរោលខ្លោចខ្លួនកាលពីវេលាម៉ោងប្រមាណ១ និង២៥នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុចដីចម្ការមួយកន្លែង ស្ថិតនៅខាងលិចភូមិទឹកចេញ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោយពី អ្នក ភូមិនាំគ្នាជួយ ធ្វើអន្តរាគមន៍ ពន្លត់ភ្លើងក៏ប្រទះឃើញសពជនរងគ្រោះ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ អ៊ុក ចយ ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួននៅក្នុងព្រៃស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចដីចម្ការខាងលើ។

បន្ទាប់ពីកើតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទ៍ទី២ ដោយមានការចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទ៍ទី២ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋា​ន​ថា សពពិតជាស្លាប់ដោយសារភ្លើងព្រៃឆេះរាល ខណៈចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះលឿនទើបរត់គេចពីភ្លើងមិនរួច។ក្រោយពីមន្ត្រីជំនាញធ្វើការពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...