ជនជាតិចិន២នាក់ផ្ទុះអាវុធក្នុងទីក្រុងកោះពេជ្រ ផ្អើលដល់សមត្ថកិច្ចទាំងយប់

0
702

ភ្នំពេញ ៖ កំពុងតែវឹកវររឿងកូវីដផង ស្រាប់តែជនជាតិចិន២នាក់បង្កភាពវរវឹកបន្ថែមទៀត ដោយបានផ្ទុះអាវុធចំនួន១គ្រាប់ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ព្រមទាំងនាំយករថយន្តស៊េរីទំនើបមួយគ្រឿងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ  បានបង្ហេីបប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរស២នាក់ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-1333 មកក្បែរផ្សាររាត្រី ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង។ បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋ និងសន្តិសុខដែលនៅក្បែរនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ភ្លាមៗ។

ក្នុងនោះដែរជនបង្កជាជនជាតិចិនបានបន្តបើករថយន្តចុះឡើងក្នុងបរិវេនកោះពេជ្រ ហើយក៏ជ្រុលទៅបុកបារះរបស់សន្តិសុខបន្ថែមទៀតធ្វើឲ្យសន្តិសុខ និងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់នាំយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។ ក្នុងករណីផ្ទុះអាវុធខាងលើនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយមិនដឹងពីមូលហេតុអ្វីបានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះផងដែរ៕

Facebook Comments
Loading...