ឈុត សេរីវ៉ាន់ថង និងវ៉ាន់ វឿន ឡើងដណ្តើមប្រាក់លាន រីឯសោម វិឆ័យ និងឡុង ជិន ឡើងសាកកណ្តាប់ដៃគ្នា

0
759

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ឡើងដណ្តើមប្រាក់លានពីកីឡាករវ៉ាន់ វឿន អ្នកប្រដាល់របស់ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ខណៈ​កីឡាករសោម វិឆ័យ អ្នកប្រដាល់មកពីក្លិប​ពន្លឺ​វិបុល ឡើងសាកកណ្តាប់ដៃគ្នាជាមួយកីឡាករ ឡុង ជិន អ្នកប្រដាល់នៃក្លិបខ្លារខិនមានរិទ្ធ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២១នេះ។

កីឡាករជើងថ្មី ឈុត សេរីវ៉ាន់ថង ត្រូវជួបជាមួយកីឡាករវ៉ាន់ វឿន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកមកហើយ ទាំងថ្នាក់ជាតិ និងអន្តរជាត់ ដោយធ្លាប់បានឈ្នះខ្សែក្រវាត់ក្នុងប្រទេសដូចគ្នាទៀតផង។ ឈុត សេរីវ៉ាន់ថង គេជាកីឡាករជើងថ្មីមែនតែគេចេះក្បាច់គ្រប់ស្នៀត ទាំងស្នៀតកណ្តាប់ដៃ កែង ជើងទាត់ និងជង្គង់ គេអាចប្រើបានទាំងអស់ ហើយខ្លាំងទៀតផង ជាមួយនិងមានកម្លាំងស៊ុហ្វខ្លាំងផងនោះ ការប្រកួតកន្លងមកបានធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកចុះចាញ់ជាបន្តបន្ទាប់។

រីឯវ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ កីឡាករវ៉ាន់ វឿន បច្ចប្នន្នគេវាយឡើងកូដជាខ្លាំង ហើយត្រូវ​បានអ្នក​ផ្គូរ​ផ្គង​តាមសង្វៀនចាប់គូឲ្យប្រកួតស្ទើររាល់សប្តាហ៍ ហើយកីឡាកររូប​នេះក៍​មិនបានធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ។ រវាងកីឡាករទាំង២នាក់នេះមិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករមួយណាជាអ្នកឈ្នះនោះទេ ​។ ចាំមើលតើ​ វ៉ាន់ វឿន ឬឈុត សេរីវណ្ណថង នរណាជាអ្នកទទួលបានប្រាក់លាន?។

ដោយឡែកកីឡាករសោម វិឆ័យ ត្រូវជួបជាមួយកីឡាករឡុង ជិន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមផងដែរ។ សោម វិឆ័យ គេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អផងដែរ ស្នៀតខ្លាំងរបស់សោម វិឆ័យ ទាំងនេះហើយដែលធ្លាប់ផ្តួលកីឡាករទាំងជើងចាស់ និងជើងថ្មីអោយចុះចាញ់ជាបន្តបន្ទាប់។

ចំណែកកីឡាករឡុង ជិន ជា​អ្នក​ប្រដាល់​វ័យក្មេង​​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញចូល​លឿន និង​រហ័ស ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​។ មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន ​និង​មាន​ផ្លែ​ល្អ​ថែមទៀត។ ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​រួម​ជាតិ ដែល​ជា​ជើង​ខ្លាំងៗ​ច្រើន​នាក់​ហើយ។ ចាំមើលរវាងកីឡាករ ឡុង ជិន និងកីឡាករសោម វិឆ័យ នរណាជាអ្នកទទួលបានជ័យជំនះ៕

 

 

Facebook Comments
Loading...