រថយន្តស្ទូចបើកបុករថយន្តដឹកសាំងសូគីម៉ិច បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលចំនួន៣នាក់ នៅស្រុកអង្គស្នួល

0
152

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស្ទូចហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បែកកង់មុខរេចង្កូតជ្រុលទៅបុករថយន្តសណ្តោងធុនធំដឹកសាំងសូគីម៉ិច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-7667 ។ ចំណែករងគ្រោះជាប្រភេទរថយន្តសណ្តោងធុនធំដឹកសាំងសូគីម៉ិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាកស្លាក់លេខ ភ្នំពេញ 3A-9627 បើកបរច្រាសទិសគ្នា។ ក្នុងហេតុការណ៍នេះបណ្ដាលឲ្យតៃកុងរថយន្តសណ្ដោងធុនធំដឹកសាំងសូគីមិចរងរបួសធ្ងន់ម្នាក់។ រីឯតៃកុងរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយវិញរងរបួសបាក់ជើង និងម្នាក់ទៀតរងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងធុនធំដឹកសាំងសូគីម៉ិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាកស្លាក់លេខ ភ្នំពេញ 3A-9627 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួសម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស្ទូចមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-7667 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ស្រាបតែវ៉ាប្រជែងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បែកកង់មុខខាងឆ្វេងរេចង្កូតទៅខាងឆ្វេងដៃ ជ្រុកបុករថយន្តសណ្តោងធុនធំសូគីម៉ិចដឹកសាំងចំពេញទំហឹង បណ្ដាលឲ្យតៃកុងរថយន្តសណ្ដោងធុនធំដឹកសាំងសូគីមិចរងរបួសធ្ងន់ម្នាក់។ រីឯតៃកុងរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយវិញរងរបួសធ្ងន់ម្នាក់បាក់ជើង និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ រថយន្តទាំងពីរគ្រឿងវិញរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខដូចគ្នា។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...