បុរសម្នាក់ខឹងប្អូនថ្លៃ តែកាប់ត្រូវប្អូនស្រីបង្កើតនៅមុខបន្ទប់ទឹកស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

0
638

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុក ព្រះនេត្រព្រះ ឃាត់ខ្លួនពីបទប្រើអំពើហឹង្សាមានស្ថានទម្ងន់ទោស ដោយយកកាំបិតខ្វែវកាប់ទៅលើប្អូនស្រីបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះឈ្មោះ យ៉ុន យ៉ាន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃនៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។ ចំណែកជនរងគ្រោះឈ្មោះយ៉ុន យ៉េន ភេទស្រីអាយុ៣៩ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរស់នៅផ្ទះជាមួយគ្នា។ ជនរងគ្រោះត្រូវជនសង្ស័យ (កាប់ក្នុងផ្ទះមុខបន្ទប់ទឹក) ត្រូវក្បាលផ្នែកខាងស្តាំប្រវែង១៨ស,ម ដាច់កូនដៃស្តាំ១ ត្រូវខ្នងដៃឆ្វេងប្រវែង៧ស, ម ជនរងគ្រោះពេលបញ្ជូនទៅពេទ្យស្លាប់តាមផ្លូវ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគគរបាលស្រុក ដើម្បីធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថាខ្លួនមានបំណងកាប់ទៅលើឈ្មោះ ជឿយ អេស អាយុ៤១ឆ្នាំ ជាប្អូនថ្លៃ( ប្តីរបស់ប្អូនស្រី) ដោយខឹងនឹងឈ្មោះជឿយ អេស ជាប្អូនថ្លៃដើរលេងច្រើននិងបំផ្លាញទ្រព្យសម្បតិ្ត ប្រាក់កាស់ក្នុងផ្ទះអស់ច្រើន ទើបនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ គាត់មានបំណងកាប់ឈ្មោះជឿយ អេស តែឈ្មោះជឿយ អេសនៅក្នុងបន្ទប់មិនចេញក្រៅដោយចាក់គន្លឹះជាប់ នៅពេលនោះគាត់ឃើញឈ្មោះយ៉ុន យ៉េន តែងតែរារាំងប្តី មិនឲ្យចេញពីបន្ទប់ទឹកនៅក្នុងផ្ទះឡើយ ហើយគាត់ក៏មានចេតនាយកកាំបិតខ្វែវនោះកាប់ទៅលើ យ៉ុន យ៉េន អោយស្លាប់តែម្តង។

បច្ចប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...