មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តបែនដឹកដីបុករះឡំប្រឺតា និងរថយន្តពីរគ្រឿងផ្ទប់ជាប់គ្នា

0
274

ភ្នំពេញ ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បណ្តាលមកពីរថយន្តបែនដឹកដីបុករះឡំប្រឺតា និងរថយន្តពីរគ្រឿងផ្ទប់ជាប់គ្នា ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ PP-2760 បើកតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចភ្លើងស្តុបបារគូ ស្រាប់តែជ្រុលទៅបុកចំគូទឡំប្រឺតាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GS-6894 យ៉ាងពេញទំហឹងធ្វើឱ្យឡំប្រឺតារងគ្រោះបន្តទៅបុករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4719 ហើយដោយ​សាររថយន្តបង្កមិនទាន់អស់ល្បឿនក៏រុញឡំប្រឺតានិងរថយន្តម៉ាកព្រូសបន្តកន្ទុយគ្នាទៅបុកផ្ទប់នឹងរថយន្តកុងតឺន័រមួយគ្រឿងទៀតពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-0282 យ៉ាងពេញទំហឹងបណ្ដាលឲ្យឡំប្រឺតានិងរថយន្តម៉ាកព្រូសរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯតៃកុងរថយន្តបែនដឹកដី ជាអ្នកបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក ឡំប្រឺតានិងរថយន្តព្រូសរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...