ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុ កើនឡើង២៥.03% ក្នុងឱកាសចូលឆ្នាំចិន៣ថ្ងៃ និងថ្ងៃ១៤កុម្ភះ

0
884

ព្រះសីហនុ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរមកសម្រាកនិងកម្សាន្ត មានការកើនឡើង២៥.03% នេះបើធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២០កន្លងមក ហើយកន្លែងដែលភ្ញៀវទៅលេងកំសាន្ត រួមមាន តំបន់ឆ្នេរសមុទ្រ ,តំបន់កោះ, ដើមឈើចាំស្នេហ៍និងរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ជាដើម។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា មានភ្ញៀវទេសចរសរុបប្រមាណ ៨២,០៦៤នាក់ កើនឡើង២៥,០៣%ក្នុងនោះ ភ្ញៀវជាតិប្រមាណ ៧៥,១៨៩នាក់ កើនឡើង ៤៥,១២%។ ភ្ញៀវបរទេស ៦,៨៧៥នាក់ ថយចុះ៥០,២៦%។ ចំណែកក្នុងរយៈពេល៣ថ្ងៃមានជើងហោះហើរចុះចតនៅព្រលាន យន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០១ ជើង ស្មើនឹង៤៣នាក់ (ចិនទាំងអស់)។

លោក តាំង សុចិត្រគ្រឹស្នា បានបន្តថា ទេសចរទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៦,៨៩៧នាក់ កើនឡើង២៥,៦០% ក្នុងនោះភ្ញៀវជាតិប្រមាណ៥,០៤៦នាក់ កើនឡើង៧៧,៨០%។ ភ្ញៀវបរទេសប្រមាណ១,៨៥១នាក់ ថយចុះ៣០,២២%។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនិងរមណីយដ្ឋាននានាសរុប ៦២,១៩២នាក់ កើនឡើង ៦៨,៥៣% ក្នុងនោះភ្ញៀវជាតិ៥៦,៦២៧នាក់ កើនឡើង៦៩,៥៤% និងភ្ញៀវបរទេស ៥,៥៦៥នាក់ កើនឡើង៥៨,៨៦%។ កន្លែងដែលភ្ញៀវទៅលេងកំសាន្ត រួមមាន តំបន់ឆ្នេរសមុទ្រ ,តំបន់កោះ, ដើមឈើចាំស្នេហ៍និងរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ជាដើម។ សម្រាប់សន្តិសុខសណ្តាប់ធ្នាប់វិញ ល្អប្រសើរ ក្រោមកិច្ចការពារ សម្រួលពីកងកម្លាំងក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕

Facebook Comments
Loading...