សម្តេចតេជោមិនអត់ឱនចំពោះអ្នកដែលប្រមាថភរិយា និងកូនរបស់សម្ដេចនោះឡើយ

0
104

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសម្ដងហើយម្ដងទៀត មិនអត់ឱនចំពោះអ្នកដែលប្រមាថភរិយានិងកូនរបស់សម្ដេចនោះឡើយ ព្រោះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកិត្តិយសគ្រួសាររបស់សម្ដេច ដែលមិនអាចលើកលែងឱ្យបាន។

សម្តេចតេជោបានបន្តថ្លែងដូច្នេះ ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ ( សហគមន៍ ២៨ វិច្ឆិកា ) និងសមិទ្ធផលកើតពីនយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចេញពីភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ ខណៈដែលជនអគតិមួយចំនួន ដែលកំពុងរត់ចោលស្រុកទៅជ្រកកោននៅបរទេស បានប្រមាថថា កូនប្រុសច្បងនិងប្រពន្ធរបស់សម្តេច ជាកូននិងប្រពន្ធរបស់មេដឹកនាំវៀតណាម ដែលជាការផ្ចាញ់ផ្ចាលក៏ដូចជាបំផ្លាញកិត្តិយសរបស់សម្តេច ក្រោយពេលខ្លួនធ្វើនយោបាយចាញ់ហើយចាញ់ទៀត។

«ការប្រមាថនេះមិនអាចទទួលបានទេ ខ្ញុំសុខចិត្តឱ្យដាច់ក្បាលក៏ខ្ញុំអត់ព្រមនឹងរឿងហ្នឹងដែរ ហើយជនបរទេសទាំងឡាយឱ្យចេះស្ដាប់ភាសាខ្មែរឱ្យយល់ការបកប្រែ ហេតុអីបានជាប្រពន្ធខ្ញុំក្លាយជាប្រពន្ធមេដឹកនាំបរទេស កូនប្រុសបង្កើតរបស់ខ្ញុំដែលកម្សត់កម្រនៅក្នុងគុករបស់ប៉ុលពត ក្លាយទៅជាកូនរបស់វៀតណាម អ្នកឯងត្រូវយករឿងនេះមួយ គឺខ្ញុំអត់មានអត់ឱនឱ្យទេ ដាច់ខាតហើយទោះបីជាផែនដីនេះរលាយក៏រលាយខ្ញុំសុខចិត្ត ហើយអ្នកឯងមិនអាចត្រូវជាមួយខ្ញុំបានទេ មុននេះមានអាម្នាក់បោកខ្ញុំថានឹងធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោស ប៉ុន្តែទីចុងបំផុតវាអត់ធ្វើ រឿងនេះមួយគឺខ្ញុំដាច់ខាតហើយ បើខ្ញុំមិនការពារកូនប្រពន្ធខ្លួនឯងខ្ញុំស្មើនឹងសត្វ អ្នកឯងចេះខឹងទេបើសិនជាគេចោទប្រពន្ធរបស់លោកឯងនោះជាសាហាយរបស់អ្នកនេះ ជាសាហាយរបស់អ្នកនោះ ជាអតីតសង្សារអ្នកនេះ ជាអតីតសង្សារអ្នកនោះ តើអ្នកឯងខឹងទេ ? ខ្ញុំជាមនុស្សគឺខ្ញុំចេះខឹង ប្រពន្ធខ្ញុំកម្សត់ណាស់ស្លាប់កូនមួយហើយ មានកូនមួយទៀតបាន ៥ខែ ប្ដីត្រូវចាកចេញទៅតស៊ូ ជួបកូនប្រពន្ធវិញ កូនហៅពូ ២ខែ ខ្ញុំមិនអត់ឱនឱ្យអ្នកឯងដាច់ខាតហើយ » ។

សម្ដេចតេជោ ហ៊ុន សែន រំឭករឿងរ៉ាវពីអតីតកាលនេះ គឺចង់បញ្ជាក់ប្រាប់ដល់ជនរួមជាតិ និងជនបរទេសទាំងអស់ អំពីខ្សែជីវិតរបស់សម្ដេចជាមួយភរិយានិងកូនប្រុសរបស់សម្ដេច មិនដូចអ្វីដែល ជនអគតិមួយចំនួន ធ្លាប់និយាយបំភ្លៃនិងប្រមាថនោះទេ ប៉ុន្តែទោះជាយ៉ាងណាសម្ដេច មិនព្រមអត់ឱនចំពោះអ្នកដែលប្រមាថមកលើសម្ដេច ព្រមទាំងភរិយានិងកូនរបស់សម្ដេចជាដាច់ខាត៕

Facebook Comments
Loading...