សមត្ថកិច្ចបង្រ្កាបក្មេងទំនើង ៦៨១ករណីឃាត់ខ្លួន ១០៣៩នាក់ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ ៥០៦ករណី ក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០២០នេះ

0
743

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងដាក់ចេញនូវវិធានការបង្ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គមនៅក្នុងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ជម្រុញឱ្យលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងដាក់បទបញ្ជាឱ្យមានការទប់ស្កាត់ក្មេងទំនើងនេះឱ្យមានប្រសិទ្ធភាពបំផុត។ ក្នុងករណីក្មេងទំនើងបង្កជាបទល្មើសព្រហ្មទណ្ឌត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ដោយមិនគិតថាក្មេងទំនើងនោះជាកូនអ្នកណានោះឡើយ។

លោកស្នងការនគរបាលរាជធានីភ្នំពេញក៏បានណែនាំលោកស្នងការរងទទួលផែនការងារសេនាធិការនិងលោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យពង្រឹងការងារនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្តីពីការគ្រប់គ្រងមុខសញ្ញាក្មេងទំនើងឱ្យបានត្រឹមត្រូវចៀសវាងការធ្វើរបាយការណ៍ភូតកុហកពីមុខសញ្ញាក្មេងទំនើងនេះ។យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានៅភ្នំពេញ ក្នុងឆ្នាំ២០២០នេះកម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបក្មេងទំនើង ៦៨១ករណីឃាត់ខ្លួន១០៣៩នាក់ ក្នុងនោះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ៥០៦ករណី និងករណីបង្កការអុកឡុកនៅក្នុងមូលដ្ឋាន ១៧៣ករណី៕

Facebook Comments
Loading...