ប៉ូលីសស័ក្តិ៤ម្នាក់បាញ់គូរសត្រូវ២គ្រាប់បណ្ដាលឲ្យរបួសជើង ហើយ​បែរជាសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ និងបឹងទំពុន២ រុញដាក់គ្នាហាក់មិនហ៊ានចំណាត់ការ

0
761

ភ្នំពេញ ៖ ជនដៃដល់ម្នាក់ជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ បានដកកាំភ្លើងបាញ់សម្ដៅទៅរកគូរសត្រូវចំនួន២គ្រាប់ ត្រូវចំជើងមួយគ្រាប់ និងចំទ្វាកញ្ចក់មួយគ្រាប់ទៀតបែកខ្ទេច បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយ​បែរជាសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ហាក់រុញដាក់គ្នាមិនហ៊ានចំណាត់ការ ទើបជនរងគ្រោះសម្រេចចិត្តទុកសម្បកផ្ទុះដែលរកឃើញមួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រុំប្រទល់និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនដៃដល់ក្នុងហេតុការណ៍ត្រូវបានគេស្គាល់ឈ្មោះ កេត ផារ៉េន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបជាមន្ត្រីប៉ូលីសស័ក្តិ៤នៅក្រសួងមហាផ្ទៃ។ រីឯជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបបនៅផ្ទះ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

យោងតាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួនមានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបចុកអីតិចតួចនៅម្ដុំបឹងត្របែក ហើយជូនមិត្តភ័ក្តមកផ្ទះនៅកន្លែងកើតហេតុ ខណៈមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនជិតស្និត បានចុះពីលើរថយន្តរបស់ខ្លួនមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភ័ក្រខ្លួនមួយមាត់ពីរ រួចក៍ដើរទៅជិះរថយន្តវិញនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ បន្ទាប់មកក៏បើកកញ្ចក់រថយន្តដកកាំភ្លើងខ្លីបាញ់សម្ដៅមកជនរងគ្រោះដែលនៅផ្លូវម្ខាងទៀតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ដោយមួយគ្រាប់ចំជើងខាងស្ដាំ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចហើយក៏បើករថយន្តគេចខ្លួនបាត់ទៅ។ ចំណែកឯជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ។

មួយសន្ទុះក្រោយមក ជនរងគ្រោះបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២ និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ដង្កោ  ចុះមកដល់ហើយបែរជារុញដាក់គ្នា ទើបជនរងគ្រោះសម្រេចចិត្តរក្សាទុកសម្បកផ្ទុះដែលរកឃើញមួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ  ដើម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់៕

Facebook Comments
Loading...