កសិករនៅស្រុកសូទ្រនិគម បានតាំងចិត្តថានិងបង្កើនការដាំដុះក្នុងផ្ទះសំណាញ់ ឲ្យទៅជាតំបន់កសិ-ទេសចរណ៍ក្នុងឆ្នាំ២០២១

0
846

សៀមរាប ៖ ទោះជាប្រទេសកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ឆ្នាំ២០២០នេះក្តី កសិករស់នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅតែរំពឹងថា កសិដ្ឋានរបស់លោកនឹងទទួលបានប្រាក់ចំណូលប្រមាណ៦០០លានរៀល ពីការដាំបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ ហើយនៅឆ្នាំ២០២១ខាងមុខ លោកនឹងបង្កើនការដាំដុះក្នុងផ្ទះសំណាញ់ឲ្យបានពី៦ទៅ១០កន្លែង និងប្រែក្លាយបន្តិចម្តងៗ ឲ្យទៅជាតំបន់កសិ-ទេសចរណ៍។

លោក ឈាវ ហុង ដែលជាកសិករគម្រូ ចំណាត់ថ្នាក់លេខ២ទូទាំងប្រទេសផ្នែកដំណាំបន្លែ កាលពីឆ្នាំ២០១៥កន្លងមកនេះបានបង្ហាញថា នៅឆ្នាំ២០១៩ កសិដ្ឋានរបស់លោក ទទួលបានប្រាក់ចំណូល ប្រមាណ៤៣០លានរៀល លើផ្ទៃដី ៨ហិកតា។ ក្នុងនោះលោក ចំណាយពី៧០ ទៅ៧៥% លើកម្លាំងពលកម្មមនុស្ស ១០នាក់ និងវត្ថុធាតុដើមផ្សេងៗក៏ដោយ ក៏លោកនៅតែបង្ហាញអារម្មណ៍រីករាយ និងហៅថាជាឆ្នាំ នៃមោទ​កភាពក្នុងនាមជាកសិកររបស់លោក។

កសិករគម្រូរូបនេះបញ្ជាក់ថា ជំហានដំបូងលោក ធ្វើការដាំតែបន្លែលើផ្ទៃដី៣ហិកតា ពុំទទួលបានជោគជ័យទេ រហូតលោកបានចូលទៅសិក្សាបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វក្នុងសហគមន៍មួយក្នុងមូលដ្ឋានរបស់លោក ដែលមានអ្នកបច្ចេកទេស មកពីមន្ទីរកសិកម្មខេត្ត រួមនិងអង្គការ គ្រឹះស្ថានសិក្សាមួយចំនួនទៀត។ ការដាំដុះ និងចិញ្ចឹមសត្វតែមួយមុខមិនគ្រប់គ្រាន់ទេ ការស្វែងរកទីផ្សារ និងកិច្ចសហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្ត ក៏ជាកត្តាសំខាន់ផងដែរ។ បច្ចុប្បន្ននេះលោកទទួលការបញ្ជាទិញបន្លែសាច់ពីអតិថិជនជារៀងរាល់ថ្ងៃ ទោះវិបត្តិជំងឺកូវីដ-១៩ នៅអូសបន្លាយក៏ដោយ។

សូមបញ្ជាក់ថា បន្ទាប់ពីលោក ឈាវ ហុង បានសិក្សា និងយល់ដឹងពីបច្ចេកទេសកសិកម្មទំនើប លោកបានប្រើប្រាស់ដីកសិដ្ឋានរបស់លោក ដាំដុះដាំដំណាំ ជាច្រើនមុខ និងចិញ្ចឹមសត្វ ដែលជាប្រព័ន្ធកសិកម្មចម្រុះ រួមមាន ដំណាំបន្លែយកស្លឹក យកផ្លែ បន្លែក្នុងផ្ទះសំណាញ់ ដំណាំស្រូវ បណ្តុះផ្សិត និងចិញ្ចឹមសត្វ (ត្រី មាន់ និងគោ)។ បន្ថែមពីនោះ នៅឆ្នាំ២០២១ខាងមុខ លោកនឹងបង្កើនការដាំដុះក្នុងផ្ទះសំណាញ់ឲ្យបានពី៦ទៅ១០កន្លែង និងប្រែក្លាយបន្តិចម្តងៗ ឲ្យទៅជាតំបន់កសិ-ទេសចរណ៍៕

 

Facebook Comments
Loading...