បញ្ជូនបុរសជាម្ចាស់ផ្ទះល្មោភកាមចាប់រំលោភអ្នកបំរើក្នុងផ្ទះឡើងតុលាការ

0
697

ភ្នំពេញ ៖ នគរបាលខណ្ឌដង្កោ នាថ្ងៃទី ២៧វិច្ឆិកា ឆ្នាំ២០២០នេះ បានចាប់បញ្ជូនបុរសម្នាក់មកសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ទវៈបានសម្រេចដល់ទីជំរៅ លើក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ដែលជាអ្នកបំរើនៅក្នុងផ្ទះរបស់ខ្លួន។

ជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ អាយុ៣៣ឆ្នាំមុខរបរជាអាជីវករ ទីលំនៅផ្ទះលេខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ឃាត់ខ្លួនបន្ទាប់ពីរូបគេចាប់រំលោភកូនឈ្នួលខ្លួនឯង កាលពីទាបភ្លឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម សស ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

របាយការណ៍សមត្ថកិច្ចខណ្ឌដង្កោបញ្ជាក់ថា កាលពីវេលាម៉ោង០០និង៥០នាទីឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់​តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅលូកដៃដោះសោរដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញអោបធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះបានសម្រេច។ ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ដេកជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា។ បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត ហើយបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាកម្លាំងចុះឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរបាននៅវេលាម៉ោង៤ និង៤០នាទី ទាបភ្លឺ ថ្ងៃខែឆ្នាំដដែល។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន។ ហើយ​កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចតែម្តង។ ព្រះរាជអាជ្ញាអមតុលាការកំពង់សាកសួរជនល្មោភកាមនេះ តែមិនទាន់សម្រេចបែបណាទេ៕

Facebook Comments
Loading...