លោក សុខ សម្បត្តិ បានណែនាំដល់កងកំលាំងក្រោមឱវាទបង្កើនការយកចិត្តទុកដាក់ លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន

0
830

ភ្នំពេញ ៖ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានណែនាំដល់កងកំលាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានលើកឡើងថា បញ្ហាសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋានគឺជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជាងគេ ព្រោះ បើក្នុងមូលដ្ឋានពុំធានាបាន សន្ដិសុខសុវត្ថិភាពពេញលេញទេ ការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ មិនអាចដំណើរការបាន ហើយការអភិវឌ្ឍន៍ក៏មិនអាច ទៅមុខរួចដែរ។ ដូចនេះយើងត្រូវតែប្រុងប្រយ័ត្ន ជាប់ជាប្រចាំ មិនអាចធ្វេសប្រហែសឡើយ ត្រូវតែមានកម្លាំងត្រៀម ក្នុងករណីមានបទល្មើសកើតឡើង ត្រូវរិះរកវិធានការ ទប់ស្កាត់និងបង្ក្រាបឲ្យបានទាន់ពេលវេលាដើម្បីផ្ដល់នូវភាពសុខសាន្ដ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបន្ដថា តាមព័ត៏មានដែលទទួលបានពីកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៤វិច្ឆិកានេះបានឲ្យដឹងថា ពួកអមិត្តអាចនិងប្រមូលផ្តុំគ្នានាថ្ងៃស្អែកទី២៥វិច្ឆិកា ក្នុងរូបភាពផ្សេងដើម្បីយករូបភាពទាំងនោះប្រាប់បរទេសថា ស្រុកខ្មែររំលោភសិទ្ធមនុស្ស។ ប៉ុន្ដែអាជ្ញាធរយើងមិនអនុញ្ញាតិឲ្យប្រមូលផ្តុំឡើយ ដោយសារបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅលើពិភពលោក កំពុងនាំគ្នាប្រយុទ្ធប្រឆាំងនិងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ដូចនេះពុំអាចធ្វើការជួបជុំ ពពាក់ពពូនគ្នានៅក្នុងដំណាក់កាលនេះបានឡើយ ហើយម្យ៉ាងទៀតការធ្វើបែបនេះ វាក៏ធ្វើ ឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែលអាចបង្កនូវភាពអនាធិបតេយ្យ ពិបាកក្នុងការគ្រប់គ្រងផងដែរ។

លោកបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះក្នុងនាមជាអាជ្ញាធរត្រូវតែរួមសហការគ្នាទប់ស្កាត់សកម្មភាព អវិជ្ជមានទាំងនោះឲ្យបាន ដោយមិនបណ្ដែតបណ្ដោយឲ្យក្រុមជនទាំងនោះបង្កនូវភាពអនាធិបតេយ្យ អសន្ដិសុខដល់សង្គមជាតិ និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋបានឡើយ៕

Facebook Comments
Loading...