ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទបានសម្រេច ពីនារីរងគ្រោះខណៈកំពុងចុចហៅបងប្អូន មកយកនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ

0
790

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដើរថ្មើរជើងមកឆក់ទូរស័ព្ទពីនារីរូបស្រស់ ម្នាក់វ័យប្រហែល ១៧ឆ្នាំ កំពុងឈរចុចទូរស័ព្ទ ដើម្បីហៅក្រុមគ្រួសារមកទទួល បានសម្រេចរួចរត់គេចខ្លួនចូលក្នុងព្រៃក្រោមស្ពានអាកាសស្ទឹងមានជ័យ បាត់ស្រមោល ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ និង២០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះ សុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យប្រហែល១៧ឆ្នាំ ចំណែកជនសង្ស័យក៍មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនចូលក្នុងព្រៃក្រោមស្ពានអាកាសស្ទឹងមានជ័យ បាត់ស្រមោល។ សម្ភារដែលបាត់បង់នោះ មានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ដែលទើបនឹងទិញក្នុងតម្លៃ៨០០ដុល្លារ។

តាមប្រភពព័ត៌មានពីជនរងគ្រោះដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងឈរចុចទូរស័ព្ទនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងហៅក្រុមគ្រួសារមកទទួលយកត្រលប់ទៅផ្ទះវិញ។ ភ្លាមៗនោះ ស្រាប់តែមានជនសង្ស័យម្នាក់ បានដើរមកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នាង បានសម្រេចរួចរត់គេចខ្លួនមកខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយនាងបានដេញតាមក្រោយ និងស្រែកប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានឲ្យជួយដេញតាម ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល តាមរកមិនឃើញសោះ។

ជនរងគ្រោះបន្តថា សម្ភារដែលបាត់បង់នោះ មានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន ដែលទើបនឹងទិញក្នុងតម្លៃ៨០០ដុល្លារ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ប៉ុន្តែជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេបានបន្តដំណើរទៅមុខទៀតបាត់៕

Facebook Comments
Loading...