ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតពីការការពារមេរោគកូវីដ១៩

0
660

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសចែកម៉ាស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីជូនដល់ប្រជាពលរដ្ឋនៅសង្កាតពន្សាំង លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ពីការការពារការឆ្លងមេរោគកូវីដ១៩។

លោកបានបន្ដថា យើងអាចភ្លេចរឿងជម្ងឺកូវីដ១៩ ប៉ុន្ដែមេរោគកូវីដ១៩ មិនភ្លេចយើងឡើយ ឲ្យតែយើងប្រហែស វានឹងអាចឆ្លងមកដល់ខ្លួន​យើង ក្រុមគ្រួសារ និងសហគមន៍យើងបាន។នៅពេលដែលវាឆ្លងដល់សហគមន៍ យើងមិនអាចគ្រប់គ្រងស្ថានភាពនោះបានឡើយ ពេលនោះយើងនឹងមានការខាតបង់យ៉ាងធំធេងដែលមិននឹកស្មានដល់។ តាមការកត់សម្គាល់ នៅពេលការរីករាលដាលដំបូងនៃជម្ងឺកូវីដ១៩ នៅកម្ពុជា ប្រជាជនមហាជន មានការយកចិត្តទុកដាក់ខ្លាំងនិងមានការចូលរួមអនុវត្តវិធានការការពារយ៉ាងខ្ជាប់ខ្ជួន ប៉ុន្ដែនៅដំណាក់កាលចុងក្រោយនេះ បងប្អូនប្រជាពលរដ្ឋយើងហាក់មានសុទិដ្ឋិនិយមភ្លេចខ្លួន ចំពោះជម្ងឺនេះ ដោយពុំសូវអនុវត្តវិធានការការពារ តាមគោលការរបស់ក្រសួងសុខាភិបាលឡើយ ។

លោក បានបញ្ជាក់ថា មេរោគកូវីដ១៩ មានការឆ្លងឆាប់រហ័ស និងកាចសាហាវជាងជម្ងឺអេដទៅទៀត ព្រោះថាចាប់ពីថ្ងៃនៃព្រឹត្តិការ ៣វិច្ឆិកា មកទល់ពេលនេះទើបតែ១០ថ្ងៃប៉ុណ្ណោះ អ្នកជំងឺតែម្នាក់ បានឆ្លងដល់មនុស្ស៤នាក់ និងមានអ្នកប៉ះពាល់ ដោយផ្ទាល់និងប្រយោលចំនួន១៥០០ ជាមួយអ្នកជម្ងឺ ដែលក្រសួងសុខាភិបាល បានរកឃើញយកមកធ្វើតេស្ដរកមេរោគកូវីដ១៩ប៉ុន្ដែពុំមានសញ្ញាវិជ្ជមានមេរោគកូវីដ១៩។

លោក បន្ដថាបើផុតកំណត់៣សប្ដាហ៍ នៅតែពុំរកឃើញ មេរោគលើអ្នកសង្ស័យទាំង១៥០០នាក់នោះ គឺទេវតាជួយយើងហើយ យើងអាចធូស្រាល ប៉ុន្ដែក៏យើងនៅតែប្រុងប្រយ័ត្នជាប់ជានិច្ច។ ឥឡូវនេះក្រសួងសុខាភិបាល ក្រសួងអប់រំបានចេញសេចក្ដីប្រកាសបិទ ទីតាំ១ចំនួនពាក់ព័ន្ធ និងការជួបជុំប្រមូលផ្ដុំគ្នាប៉ុន្ដែនៅកន្លែង១ចំនួនទៀតដែលមានមនុស្សច្រើនដែរ គឺនៅតាមទីផ្សារ និងភោជនីយដ្ឋាន ហាងកាហ្វេជាដើម។ ដូចនះនៅពេលដែលបងប្អូនទៅទីតាំងដែលមានមនុស្សច្រើនទាំងនោះ ត្រូវមានការប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ត្រូវមានគម្លាតសង្គម និងគម្លាតបុគ្គល និងពេលត្រឡប់មកវិញ ត្រូវក្រើនរំលឹកគ្នា លាងដៃនឹង សាប៊ូ ជែល ឬអាល់កុល ឲ្យបានត្រឹមត្រូវ   យើងត្រូវរួមគ្នាការពារការឆ្លងរីកករាលដាលជម្ងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ព្រោះថាមានតែការចូលរួមអនុវត្តវិអានការរបស់ក្រសួងសុខាភិបាលទាំងអស់គ្នាទេដែល ជួយយើងឲ្យចៀសផុតពីជម្ងឺកូវីដ១៩បាន។

ឆ្លៀតក្នុងថ្ងៃដដែលនោះដែរ លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បានឧបត្ថម្ភ អំណោយ១ចំនួនដល់ស្ដ្រីមេម៉ាយក្រីក្រ មានកូន៤នាក់ក្នុងបន្ទុក ដែលត្រូវប្ដីលែងលះហើយទើបសំរាលកូនបាន១៥ថ្ងៃ។ អំណោយទាំងនោះរួមមានអង្ករ៣០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់១កញ្ចប់ព្រមទាំងថវិកា១២ម៉ឺនរៀល៕

Facebook Comments
Loading...