សត្វគោ-ក្របី ប្រមាណជា៧០៥ក្បាលកំពុងឈឺ ហើយជាង៣០ក្បាលបានស្លាប់ ក្នុងស្រុកស្រីស្នំ

0
844

ភ្នំពេញ ៖ សត្វគោ-ក្របី ប្រមាណជា៧០៥ក្បាល មានជំងឺដោយរោគសញ្ញា ឈឺក្រចក ហើមពោះ ហើមមុខ និងឈឺមាត់ ក្នុងនោះងាប់អស់ចំនួន៣៤ក្បាល នៅក្នុងឃុំជ្រោយនាងងួន និងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹង នេះថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នេះថាមានសត្វគោ-ក្របី ប្រមាណជា៧០៥ក្បាល មានជំងឺ លោកបានចាត់ចែងមន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរស្រុក ឃុំ និងពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និងស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និងងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម។

លោកថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺដោយសារមានបញ្ហាទឹកជំនន់ ធ្វើឱ្យលិចស្មៅ ក្រោយមកទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឱ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹងធ្វើឱ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញយើងបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថា ជាជំងឺអ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះមិនបណ្ដាលឱ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឱ្យមិមដោះមេអត់កើត ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែម ធ្វើឱ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី ។

លោក ព្រំ វ៉ិច បន្ថែមថា ជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ប្រជាពលរដ្ឋយើងនៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វ៕

 

Facebook Comments
Loading...