សាច់ញាតិជនរងគ្រោះ លើកដៃសំពះស្វែងរកយុត្តិធម៌ ពាក់ព័ន្ធករណីរថយន្តបុកចូលផ្ទះស្លាប់មនុស្ស៤នាក់ ជិត៣ឆ្នាំហើយមិនទាន់មានដំណោះស្រាយ

0
970

ស្វាយរៀង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បានកើតឡើងជិត៣ឆ្នាំមកហើយ គ្មានឡើយពន្លឺយុត្តិធម៌ បង្កដោយរថយន្តធុនធំ ដែលបានបុកចូលផ្ទះបណ្ដាលឲ្យជនរងគ្រោះមួយគ្រួសារស្លាប់ មានសមាជិក៤នាក់ ប្តីប្រពន្ធ និងកូនតូចៗ២នាក់ គួរឲ្យអាសូរ ខណៈក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានត្រឹមលើកដៃសំពះដង្ហើយរកយុត្តិធម៌ នៅខេត្តស្វាយរៀង ។

នៅក្នុងសំណេរ ដែលសាច់ញាតិ សរសេរមកកាន់អង្គភាពសារព័ត៌មានយើង ដើម្បីឲ្យជួយផ្សព្វផ្សាយ បានឲ្យដឹងថា « ខ្ញុំបាទឈ្មោះ នាង រិន អាយុ ៥៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំបាទសូមគោរពចូលមក សម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រានី ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំបាទផង ដោយគ្រួសារខ្ញុំបាទ ត្រូវរងភាពអយុត្តិធម៌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានសម្លាប់ជិវិតមនុស្សអស់៤នាក់ ដូចមានឈ្មោះខាងក្រោម ៖1.  ឈ្មោះ នាង សុផាន់តារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី) 2.  ឈ្មោះ សាត់ វណ្ណា ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធ)3.  ឈ្មោះ ស្តើង ភារុន ភេទប្រុស អាយុ២ឆ្នាំ (កូន)4.  ឈ្មោះ ស្តើង ដាវីត ភេទប្រុស អាយុ២ខែ (កូន)»។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធខាងលើនេះ បានកើតឡើងនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ រហូតមកដល់ពេលនេះ អស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយ នៅមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយទេសម្រាប់ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះខាងលើ។

បើតាមសាច់ញាតិជនរងគ្រោះ ឈ្មោះ នាង រិន ភេទប្រុស ដែលត្រូវជាបងបង្កើតជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្រោយពីស្ងាប់ស្ងាត់ មិនមានដំណោះស្រាយទាល់តែសោះ រូបគាត់ក៏បានចូលទៅសាកសួរ នៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដោយលោកប្រធានការិយាល័យ បានឆ្លើយថា «រឿងនេះមានសភាពធ្ងន់ធ្ងរណាស់ ខ្ញុំបានបញ្ជូនសំណុំរឿងទៅតុលាការរួចហើយ»។

ប្រភពដដែលបានបន្តថា បន្ទាប់មករូបគាត់ក៏បានបន្តទៅសាកសួរ នៅតុលាការខេត្តស្វាយរៀងបន្តទៀត ដោយខាងតុលាការប្រាប់ថា យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិស មិនបានស្គាល់អត្តសញ្ញាណ អ្នកបើកបរនោះទេ ស្គាល់តែថៅកែរថយន្តបង្ក តែគេមិនព្រមចូលខ្លួនមកដោះស្រាយឡើយ។ ទោះបីជាកន្លងមក តុលាការបានធ្វើលិខិតកោះអញ្ជើញក៏ថៅកែឡាននោះ មិនទទួលដែរ។

ប្រភពបន្ថែមថា ថៅកែឡាននោះ ត្រូវបានគេស្គាល់ឈ្មោះថា សុខ សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខAE0 ផ្លូវលេខ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទទួលគោក រាជធានីភ្នំពេញ មានមុខរបរជាមន្ត្រីនគរបាល។

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ បានលើដៃសំពះ សុំអង្វរសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ជូនពួកគាត់ផង មានតែសម្តេចម្នាក់គត់ ដែលជាម្លប់ដ៏ត្រជាក់ មានក្តីមេត្តាដល់ប្រជាជនទាំងអស់៕

Facebook Comments
Loading...