អភិបាលខណ្ឌព្រែកព្នៅ ណែនាំឲ្យរដ្ឋបាលសង្កាត់ត្រៀមលក្ខណៈស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ

0
1679

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនាព្រឹកថ្ងៃទី២៣ ខែតុលា នេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំឲ្យរដ្ឋបាលសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ ត្រូវត្រៀមលក្ខណៈ ក្នុងការស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខព្រោះថាកន្លងមក នៅតាមបណ្ដាសង្កាត់១ចំនួនក្នុងខណ្ឌព្រែកព្នៅ តែងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ ស្ទើតែរាល់ឆ្នាំ ។

លោក អភិបាលខណ្ឌបានលើកឡើងថា ថ្វីត្បិតពេលនេះយើងសម្បូរទឹករហូតដល់មានការជន់លិចយ៉ាងណាក៏ក្ដី ក៏យើងមិនត្រូវភ្លេចខ្លួនដែរ ។ពេលនេះគឺជាខែកត្តិកហើយ និងមាន ខ្យល់ធ្លាក់មកពីទិសខាងជើងជាបណ្ដើរៗដែរ ដែលនេះជាសញ្ញាប្រាបើថា ទឺកចាប់ផ្ដើមស្រក ។ ក្នុងពេលកន្លងមកនេះ  ទឹកបាន ជន់លិចផលដំណាំក្នុងស្រែចំការ១របស់បងប្អូន ។ នៅពេលទឹកស្រកបងប្អូនត្រូវការធ្វើស្រែចំការឡើងវិញ បើពេលនេះ មិនស្ទាក់ទឹកទុកទេ នោះបងប្អូននឹងជួបប្រទះការខ្វះខាតទឹកប្រើប្រាស់ជាមិនខាន ។ម្យ៉ាងទៀត នៅតាមស្រះត្រពាំង ក៏ត្រូវរក្សាទឹកទុកផងដែរ ពិសេស នៅតំបន់ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់ ដូចជានៅសង្កាត់ពន្សាំង សង្កាត់ពញាពន់ជាដើម ព្រោះថានៅរដូវប្រាំង ស្រះត្រពាំងទាំងនេះហើយ ជាអាងស្ដុកទឹកទុកដែលអាចឲ្យបងប្អូនយកទៅប្រើប្រាស់បាន។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានបញ្ជាទៅលោក ជា វីរៈ អភិបាលរងខណ្ឌទទួលបន្ទុក ការងារអភិវឌ្ឍ សង្កាត់ពញាពន់ នៅថ្ងៃស្អែកនេះ ត្រូវចុះទៅពិនិត្យមើល ស្រះ១ចំនួន ដែលបានជីកនាពេលកន្លងមក ក្នុងសង្កាត់ពញាពន់ និង សង្កាត់ពន្សាំង ដែលជាអំណោយ ឧបត្ថម្ភដ៏ថ្លៃថ្លាពីសម្ដេច វិបុលសេនាភក្ដីសាយឈុំ ប្រធានក្រុមការងារចុះជួយ រាជធានីភ្នំពេញ តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ពិនត្យមើលពីស្ថានភាពទឹក ត្រៀមលក្ខណៈ ក្នុងការស្ទាក់ទឹកតាមបណ្ដាស្រះទាំងនោះឲ្យបាន ទុកជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលខាងមុខ ព្រោះពេលភ្លៀងលែងធ្លាក់ ទឹកនឹងត្រូវហូរចុះទៅអូរ ស្ទឹង ទន្លេអស់ប្រជាពលរដ្ឋពិតជាប្រឈមនឹងបញ្ហាទឹកប្រើប្រាស់។

ក្នុងឱកាសនោះដែរ  លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ   លើកឡើងថា ទឹកមានសារៈសំខាន់បំផុតសម្រាប់ជីវិតរស់នៅ ។ ក្នុងរដូវ ប្រាំង ប្រជាពលរដ្ឋនៅតំបន់១ចំនួន ក្នុងសង្កាត់ពញាពន់និងសង្កាត់ ពន្សាំង  ពឹងផ្អែកទាំងស្រុងលើស្រះ។ ទឹកស្រះគឺជាប្រភពដ៏សំខាន់ មិនថាតែមនុស្សទេ សូម្បីតែសត្វនិងរុក្ខជាតិ ក៏ពឹងផ្អែកតែលើទឹកស្រះនេះដែរ ទាំងគោក្របី ក៏មកផឹក ដំណាំ    ផ្សេងៗ ក៏ត្រូវការទឹកស្រះយកទៅស្រោចស្រព ។ ដោយសារ សារៈសំខាន់នេះហើយ ទើបកន្លងមកនេះ សម្ដេច វិបុលសេនា ភក្ដីបានឧបត្ថម្ភ ដល់ការស្ដារស្រះ និងជីកស្រះជាច្រើនកន្លែង នៅក្នុងសង្កាត់ពន្សាំង និងសង្កាត់ពញាពន់  ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋយើង ព្រោះថាតំបន់ទាំងនោះមិនទាន់មានទឹកស្អាតប្រើប្រាស់នៅឡើយ៕

Facebook Comments
Loading...