ទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរនៅទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់ ឧកញ៉ា ឡេង ណា វ៉ាត់ត្រា

0
522

បន្ទាយមានជ័យ ៖ សកម្មភាពដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្មហ្កាឡាក់ស៊ី មានដូចជាលោក ព្រាប សុវត្ថិភាព, ខេម, កញ្ញាតន់ ចន្ទសីម៉ា និងកញ្ញា ក សុវណ្ណារី បានចុះទៅស្រុកមង្គលបុរី នាំយកស្បៀងអាហារ អង្ករ៥០តោន និងអាហារហូបចុកផ្សេងៗ ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជន់លិច ក្នុងនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ហើយលោកទេសរដ្ឋមន្ត្រី បានកោតសរសើរនៅទឹកចិត្តមនុ​ស្សធម៌ដ៏ធំធេងរបស់លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាខ្លាំង។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការ របស់លោកឧកញ៉ា ដែល  មានអតីតភាពជាក្មេងទីជនបទ ក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះ ថាជា កាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។ លោកទេសរដ្ឋមន្ត្រីថ្លែងទៅ កាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា”ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋដែលគាត់ កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើង មានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមាន ទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើ ចំពោះ គាត់នឹងធ្វើឱ្យជីវិតយើង មិនសាបសូន្យនោះឡើយ។

ចំណែកលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងចំពោះមុខក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅយកព័ត៌មានដោយផ្ទាល់ ក្នុងសកម្មភាពមនុស្សធម៌នេះ ថា«នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែក ទៅដល់គាត់ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនដឹងថា នៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។

ទទឹមគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានយកចិត្តទុកដាក់ ចំពោះពលរដ្ឋ ដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយ ប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង11 និង34នាទី ថ្ងៃត្រង់ទី១៩ ខែតុលា ឆ្នាំ២០២០ ថវិកាទទួលបាន6,867,524 ដុល្លារ , 396,525,000 រៀល និង៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែល ជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញថាលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកា ជូន៦០ម៉ឺន ដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នក ដែលឈរលេខរៀងទី២បានចូល ចំនួន៥០ម៉ឺនដុល្លារ៕

Facebook Comments
Loading...