អភិបាលរាជធានីភ្នំពេញ និងមន្ត្រីសាលាខណ្ឌព្រែកព្នៅ ចុះពិនិត្យការកាយប្រឡាយតាមផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា

0
1877

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីសាលារាជធានីភ្នំពេញ និងលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្រ្ដីជំនាញថ្នាក់ខណ្ឌនិងសង្កាត់ចុះពិន្យការកាយប្រឡាយតាមផ្លូវមហាវិថីឈ្នះឈ្នះ ដើម្បីរំដោះទឹកក្នុងសង្កាត់គោករកា និងខាងលិចរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ។

លោក ឃួង ស្រេង បានចុះមកពិនិត្យស្ថានភាព ទឹកលិច និងពិនិត្យសកម្មភាព ជីកកាយប្រឡាយអមមហាវិថីឈ្នះៗចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ជំនួសពីប្រជាពលរដ្ឋមួយចំនួនបណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុកនិងហូរធ្លាក់មកបន្ថែមពី ស្រុកអង្គស្នូលខេត្តកណ្តាល និងកំពង់ស្ពឺមួយចំណែកទៀតធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤។

ជាមួយគ្នានេះ លោក សុខ សម្បត្តិ បានរាយការណ៍ជូនលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញថា នៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅ មានផលប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋខ្លះៗប៉ុន្ដែបងប្អូនប្រជាពលរដ្ឋគាត់សុខចិត្តរុះរើ ដោយខ្លួនឯងដើម្បីសម្រួលដល់ការកាយប្រឡាយមេនេះ ដើម្បីឲ្យទាន់សភាពការណ៍ចាំបាច់នាពេលបច្ចប្បន្ននេះ។

គួបញ្ជាក់ថាកន្លងមក លោកឃួង ស្រេង ធ្លាប់បានលើកឡើងថា មានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀង គឺបរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥mm,ផ្ទៃ ទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ,ប្រឡាយ ឬវាលស្រែនានា ត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅដ្ឋាន,និងមួយចំណែកទៀតមានការចាក់ដីរំលោភប្រឡាយពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។ តែទោះបីយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញបាននឹងខិតខំដោះស្រាយបញ្ហានេះ តែសុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ខ្លះក្នុងពេលយើងបើកមុខទឹកនេះ៕

Facebook Comments
Loading...