អាជ្ញាធរខណ្ឌព្រែកព្នៅប្រជុំរៀបចំត្រៀមកម្លាំងសហការ ជាមួយកម្លាំងរាជធានីភ្នំពេញដើម្បីបំលាស់ទីប្រជាពលរដ្ឋរស់នៅលើទឹកក្នុងមូលដ្ឋាន

0
7132

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌព្រែកព្នៅដឹកនាំដោយ លោកសុខ សម្បត្តិ អភិបាលនៃអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំ ដើម្បីរៀបចំកំលាំងត្រៀមលក្ខណៈ សហការជាមួយកម្លាំងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅលើទឹក តាមដងទន្លេសាប ក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីគល់ស្ពានព្រែកព្នៅទៅផ្នែកខាងជើងរហូតដល់ព្រំប្រទល់ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅសាលាខណ្ឌព្រែកព្នៅ។

លោក ជា វីរៈ រងអភិបាលខណ្ឌព្រែកព្នៅ មានប្រសាសន៍ថា ការបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅលើទឹកតាមដងទន្លេនេះ ធ្វើឡើងតាមស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ ដែលបានកំណត់ថា នៅដើមសប្ដាហ៍ក្រោយនេះ សាលារាជធានីភ្នំពេញ នឹងចេញសេចក្ដីជូនដំណឹង១ ដល់ប្រជាពលរដ្ឋដែលរស់នៅលើទឹកតាមដងទន្លេសាប ក្នុងនោះមានផ្ទះទឹក បែរត្រី ត្រូវរុះរើចេញឬបំលាស់ទីទៅទីតាំងផ្សេង ដោយសាលារាជធានីភ្នំពេញមិនអនុញ្ញាតិ ឲ្យបងប្អូនរស់នៅគ្មានសណ្ដាប់ធ្នាប់បែបនេះតទៅទៀតឡើយ។

លោកបានឲ្យដឹងទៀតថា សាលារាជធានីភ្នំមានបំណងបំលាស់ទីប្រជាពលរដ្ឋទាំងនោះទៅ ខាងអរិយ៍ក្ស័ត្រ ក្នុងទឹកដីខេត្តកណ្ដាល ប៉ុន្ដែខាងរដ្ឋបាលជលផល សូមឲ្យរង់ចាំសិក្សាសិន ហើយម៉្យាងទៀត ខាងអាជ្ញាធរខេត្តកណ្ដាល ក៏មិនទាន់ដឹងថា ព្រមទទួលយកឬយ៉ាងណានៅឡើយទេ ។

ចំណែកលោក សុខ សម្បត្តិ បានមានប្រសាសន៍ផដែរថា ការរស់នៅលើទឹកបែបនេះ គឺធ្វើឲ្យខូចរបៀបរៀបរយសាធារណៈ និងប៉ះពាល់ដល់ បរិស្ថានពិសេសគឺពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះនិង មានភ្ញៀវទេសចរណ៍ ប្រតិភូកីឡាមកពីក្រៅប្រទេសច្រើន ត្រូវឆ្លងកាត់តំបន់នេះ ដើម្បីឆ្ពោះទៅ ទស្សនាការប្រកួតកីឡានៅពហុកីឡាដ្ឋានមរតកតេជោ នឹងធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចជាកម្ពុជាដែលជាម្ចាស់ផ្ទះ ត្រូវអាប់អោនមុខមាត់កេត្តិយសផងដែរ។

ដើម្បីចូលរួមអនុវត្តការងារនេះឲ្យមានប្រសិទ្ធ លោក សុខ សម្បត្តិ បានណែនាំដល់ កងកម្លាំងសមត្ថកិច្ច សង្កាត់ពាក់ព័ន្ធត្រូវត្រៀមបំរុងនិង រៀបចំដោយប្រយ័ត្នប្រយែង និងសូមបន្ដការត្រួតពិនិត្យនិងគ្រប់គ្រង ឲ្យបានខ្ជាប់ខ្ជួន ត្រូវរក្សាចំនួនអ្នករស់នៅចាស់ឲ្យនៅដដែល ទប់ស្កាត់អ្នកចំណូលថ្មី ដោយធ្វើការពិនិត្យរដ្ឋបាល១ខែឲ្យបាន២ដង។ សម្រាប់ថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយនេះ សង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ដោយចែកជា២ក្រុម  ត្រូវរៀបចំការពិនិត្យរដ្ឋបាល នៅតំបន់ដែលមានភាពស្មុគ្រស្មាញ។

សូមជំរាបជូនថាការឲ្យធ្វើបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅលើទឹកក្នុងដងទន្លេនេះ ធ្វើឡើងក្នុងខណ្ឌទាំង៥ ដែលមានភូមិសាស្ដ្រតាមដងទន្លេ ក្នុងនោះមានខណ្ឌ ព្រែកព្នៅ ឫស្សីកែវ ជ្រោយចង្វារ ច្បារអំពៅ និងខណ្ឌមានជ័យ ដែលមានផ្ទះទឹក និងបែរត្រីសរុប ជាង១ពាន់៥០០។ ដោយឡែកសម្រាប់ខណ្ឌព្រែកព្នៅ មានបែរត្រីសរុបចំនួន២៩២បែរ និង មានប្រជាពលរដ្ឋរស់នៅលើទឹកចំនួន៣២៣គ្រួសារ។ នេះបើតាមការបញ្ជាក់ របស់លោកជា វីរៈ អភិបាលរងខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...