សម្តេចតេជោ ហ៊ុន សែន សម្រេចដកលោក ស៊ិន វណ្ណវុឌ្ឍ ចេញពីតំណែងអភិបាលស្រុកកោះញែក

0
5707

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដកលោក ស៊ិន វណ្ណវុឌ្ឍ ចេញពីមុខតំណែងជាអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយឱ្យមកធ្វើការនៅទីស្តីការក្រសួងមហាផ្ទៃជំនួសវិញ បន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

យោងតាមប្រភពបានគូសបញ្ជាក់ថា ការដកតំណែងអភិបាលស្រុកកោះញែករូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមការងារអន្តរក្រសួងចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី បានរកឃើញថាខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងពុំបានចូលរួមថែរក្សាការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាដីព្រៃតាំងពីរូបលោកកាន់មុខតំណែងជាអភិបាលស្រុកកែវសីមាមកម្ល៉េះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ចុះសិក្សាស្រាវជ្រាវលើករណីការកាន់កាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី។ ការបង្កើតក្រុមការងារនេះធ្វើឡើង បន្ទាប់ពីមានសកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធជាមួយមន្ត្រីនៅក្នុងខេត្ត។

តាមព័ត៌មានដែលបានទម្លាយឲ្យដឹងថា ក្រៅតែពីការដកតំណែងអភិបាលស្រុកកោះញែកហើយនោះ មានមន្ត្រីក្នុងខេត្តជាច្រើនរូបទៀត ក៏ត្រូវបានសម្រេចដកតួនាទី និងដាក់ពិន័យទៅតាមច្បាប់រដ្ឋបាលផងដែរ។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថ្លែងប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការសម្រេចដកអភិបាលស្រុក និងដាក់ពិន័យទៅលើមន្រ្តីពាក់ព័ន្ធការរំលោភដីធ្លី នៅខេត្តមណ្ឌលគីរី ជាការបង្ហាញឱ្យឃើញពីវិធានការដ៏ម៉ឺងមាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍ទោសទណ្ឌទៅតាមច្បាប់ចំពោះមន្ត្រីទាំងឡាយ ដែលប្រព្រឹត្តខុសនឹងច្បាប់របស់រដ្ឋ ហើយវិធានការនេះក៏ទទួលបាននូវការសាទរពីប្រជាពលរដ្ឋផងដែរ៕

Facebook Comments
Loading...