មិនថានៅក្នុងសាលាឬនៅតាមផ្ទះឡើយសិស្សានុសិស្សអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានទប់ស្កាត់កូវីដ១៩  

0
7774

ភ្នំពេញ ៖ ក្នុងឱកាសចែកក្រម៉ាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សំរោងជើង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការ​ងារចុះជួយសង្កាត់សំរោង បានអំពាវនាវ ដល់សិស្សានុ សិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែង​រៀនសូត្រ ស្ដាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា ពិសេ​សគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងការរីករាលដាលនៃជម្ងឺកូវីដ១៩ មិនថានៅក្នុងសាលាឬនៅតាមផ្ទះឡើយ។

លោកបន្ដថា ទោះជាស្ថាពភាពជម្ងឺកូវីដ១៩នៅកម្ពុជា មានលក្ខណៈល្អប្រសើរក្ដី ក៏យើងមិនអាចធ្វេសប្រហែសបានឡើយ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងនាម សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប គឺមានកាតព្វកិច្ចក្នុងការចូលរួមសកម្មភាពទប់ស្កាត់ជម្ងឺកូវីដ១៩ គ្រប់កាលៈ ទេសៈ គឺត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវអនាម័យ លាងដៃនិងសាប៊ូគ្រប់ពេលវេលា និងចៀសវាងការប្រមូលផ្តុំគ្រប់រូបភាពបើមិនមានការចាំបាច់។

លោកបានលើកឡើងទៀតថា ដោយសារតែជម្ងឺកូវីដ១៩ ក្មួយៗសិស្សានុសិស្ស ខានជួបជុំគ្នា ខានសិក្សារៀនសូត្រអស់រយៈពេលជាច្រើនខែ។ប៉ុន្ដែដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ពេលនេះក្មួយៗបានដំណើរការសិក្សា រៀនសូត្រដំណាក់កាលទី២ឡើងវិញ។

ក្នុងនោះផងដែរលោកយិន អ៊ីម ចៅសង្កាត់សំរោង សំណូមពរដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមទាំងអស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ពិសេស ត្រូវប្រុងប្រយ័ត្នការពារការ ឆ្លង មេរោគកូវីដ១៩ ព្រោះថាវិធានការ ការពារគឺជាវិធីដ៏ប្រសើរបំផុត ដូចមានពាក្យស្លោករបស់អ្នកជំនាញផ្នែកសុខាភិបាលបានលើកឡើងថា ការពារប្រសើជាងព្យាបាល។

ដោយឡែកសម្រាប់ មាតា បិតា អាណាព្យាបាលសិស្ស ក៏ត្រូវរួមចំណែកក្នុងការត្រៀមលក្ខណៈរៀបចំឲ្យកូនចៅរបស់ខ្លួនឲ្យបាន គ្រប់គ្រាន់ដូចជាម៉ាស់ ទឹក និងអាហារ ព្រោះក្នុងដំណើរការសិក្សាដំណាក់កាលទី២នេះតាមសាលារៀន និមួយៗមិនអនុញ្ញាតិឲ្យលក់អាហារឬទឹកនៅក្នុងសាលាឡើយ។ ជាមួយនេះត្រូវដឹង ពី កាលវិភាគសិក្សាកូនចៅរបស់ខ្លួន ព្រោះការសិក្សាដំណាក់កាលទី២នេះ ផ្នែកសិស្សបឋមសិក្សា គឺរៀនមិនបានពេញលេញដូចដំណាក់កាលទី១ឡើយ ដោយក្នុងថ្នាក់និមួយៗត្រូវបែងចែកជាក្រុមនោះ។ គួរបញ្ជាក់ថា ក្នុងពិធីនោះលោកស៊ូ ស៊ីវុត្ថា បានជួយឧបត្ថម្ភថវិកា២លានរៀន សង្កាត់ជួយឧត្ថម្ភ ក្រមា៣០០ និងថវិការ១លាន១៨ម៉ឺនរៀល ក្នុងនោះលោកគ្រូអ្នកគ្រូទទួលបាន ថវិកា២ម៉ឺនរៀល និងក្រមា១ សិស្សានុសិស្សទទួលបានក្រមា១ផងដែរ៕

Facebook Comments
Loading...