បុរសម្នាក់អារ-កសម្លាប់នារីអាតីតជាប្រពន្ធរួចអារ.ក សម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់

0
4253

ភ្នំពេញ ៖ អំពើឃាតកម្មក្នុងពេលផឹកស៊ី ធ្វើឲ្យមានការចាក់សម្លាប់គ្នា បណ្តាលឲ្យនារីម្នាក់បានស្លាប់ភ្លាមៗ ឯបុរសជាឃាតករបានអារ.កសម្លាប់ខ្លួនតាមក្រោយ ប៉ុន្ដែមិនបានសម្រេចបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ សង្ស័យភ្លើងប្រច័ណ្ឌ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង៣០ នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញា  ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ២D ផ្លូវលេខ៤ នៅក្នុងបុរីលឹម ឈាងហាក់ ភូមិម័រ  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យដែលចាក់សម្លាប់នារីខាងលើមានឈ្មោះឯក ឌៀមវន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកស៊ីអចលនាទ្រព្យ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ​ឈ្មោះវង្ស ម៉ាលីដា ភេទស្រីអាយុ២៧ឆ្នាំ មុខរបរជាអ្នកលក់ផលិតផលតាម Online មានទីលំនៅក្នុងបុរីលឹម ឈាងហាក់ ភូមិម័រសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតឡើងអំពើឃាតកម្មខាងលើគឺ មនុស្សប្រុសស្រី៥នាក់ជួបជុំផឹកស៊ីជាមួយគ្នា បន្ទាប់មកបុរស២នាក់បានចេញទៅបាត់សល់តែជនរងគ្រោះ និង បុរសជាជនសង្ស័យ និងចុងភៅនៅក្នុងផ្ទះ ស្រាប់តែបុរសជាជនសង្ស័យចាក់សម្លាប់នារី រងគ្រោះរួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្ដែមិនបានសម្រេចបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនខ្លួនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យសួគ៌ា។ សមត្ថកិច្ចបានបន្ដទៀតថា ក្នុងអំពើឃាតកម្មខាង លើនេះជាជំហានដំបូងគឺសង្ស័យជាករណីភ្លើងប្រច័ណ្ឌ ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនចុងភៅជាស្ដ្រីយកទៅសាកសួរ។

ក្រោយហេតុការណ៍ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យទៅលើសាកសពរបស់ជនរងគ្រោះ  រីឯបុរសជាជនសង្ស័យកំពុងសង្គ្រោះនៅមន្ទីរពេទ្យសមត្ថកិច្ចដាក់កម្លាំងយាមយ៉ាងតឹងរឹង និងមានការសាកសួរនៅពេលក្រោយដើម្បីចាត់ការបន្ដនីតិវិធី។ ចំណែកសពជនរងគ្រោះក្រោយពីពិនិត្យរួច កម្លាំងសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន មានករណីស្រដៀងគ្នាដែរ បានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទូក ខណ្ឌកំបូល ដែលបុរសម្នាក់ដោយសារតែខឹងនារីម្នាក់ព្រោះខ្លួនចូលស្ដីដណ្ដឹងតែនាងមិនព្រម ធ្វើឲ្យបុរសនោះខឹងសម្បា រហូតដល់គិតខ្លីប្រើអំពើឃាតកម្មតាមចាក់សម្លាប់នារីរងគ្រោះបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗ។ ពេលនោះជនដៃដល់បានព្យាយាមរត់ទៅចងកសម្លាប់ខ្លួនឯងនៅក្នុងវត្តស្ងួនពេជ្រដើម្បីបញ្ចប់បញ្ហាទាំងអស់គ្នា។ ប៉ុន្តែចំពោះករណីនេះវិញខណៈពេលជនដៃដល់ព្យាយាមអារ.កសម្លាប់ខ្លួនឯងតែមិនស្លាប់បានត្រឹមរបួសធ្ងន់ទើបសមត្ថកិច្ចបានរៀបចំកសាងឯកសារចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...