ទីបំផុតជនសង្ស័យឈ្មោះ ញឹក ផល ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែរណ្តៅដី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ

0
6892

កំពង់ឆ្នាំង ៖ ទីបំផុតជនសង្ស័យមជ្ឈដ្ឋានទូទៅបង្ហាញការស្អប់ខ្ពើមដែលបានទាញកាំភ្លើង AK47ចេញពីក្នុងឡានកាន់គំរាមប្រជាពលរដ្ឋ ឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែរណ្តៅដី នៅកប់ស្រូវនោះ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបានហើយកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

មហាជនមានចម្ងល់ថា តើឈ្មោះញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ មានតួនាទីប៉ុណ្ណា នៅក្នុងជួរកងកំលាំង ទើបអាចមានកាំភ្លើង AK ស្វាយបត ដាក់តាមឡានយកមកគំរាម គេឯងបែបនេះ? រឺមួយឲ្យតែមានលុយអាចទិញកាំភ្លើង មកប្រើប្រាស់ដូច ឈ្មោះញឹក ផល ដែរ?។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ដោយចោទអ្នកជិះម៉ូតូ ថាស្រវឹងហើយក្លាយជាទំនាស់ពាក្យសំដីគ្នា ទៅវិញទៅមក ដោយអ្នកជិះម៉ូតូបានជិះម៉ូតូ ទៅសួរនាំនិងបានថត វិដេអូភាគីទាំងពីប្រកែកគ្នា ក្រោយមក ឈ្មោះ ញឹក ផល រហ័ស្សនាម០៩ បានទាញកាំភ្លើងAK ពីក្នុងឡានមកគម្រាមគូទំនាស់ទាំងកម្រោលតែម្ដង និងថយរថយន្ត ប្រុងបុកភាគីម៉ូតូ ខណះកំពុងថត ស្លាកលេខរថយន្តនៅខាងក្រោយ។ បន្ទាប់មកជនទំនើងជាមួយគូកន បានព្យាយាមបើកឡានចេញពីកន្លែងកើតហេតុ ប៉ុន្តែសកម្មភាពរបស់ជនទំនើងត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទី ផងដែររួចបង្ហោះផ្អើលពេញបណ្ដាញសង្គម។

យោងតាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បង្ហាញថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម, លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និងលោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយមកជនសង្ស័យ ឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ដែលបានទាញកាំភ្លើង AK47ចេញពីក្នុងឡាន កាន់គំរាមប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចាប់ខ្លួនបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ រួចវាយខ្នោះនាំខ្លួនយកកាន់ស្នងការដើម្បី សាកសួរនិងមានចំណាត់ការផ្លូវច្បាប់។

ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋានទូទៅបង្ហាញការស្អប់ខ្ពើមជនទំនើងប្រភេទនេះបំផុតរួចរិៈគន់ថា ខ្លាំងម្លេះលោក..សម័យនេះហើយហ៊ានយកកាំភ្លើងមកគម្រាមអ្នកដទៃ..ដឹងទេថាប្រទេសគ្រប់គ្រងដោយច្បាប់។ មជ្ឈដ្ឋានជាច្រើន សម្តែងជាចម្ងល់ថា តើកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន រហ័សនាម០៩ មានតួនាទី ជាអ្វីអោយពិតប្រាកដ បានជាមានកាំភ្លើង AK47 ជាប់នឹងខ្លួនបែបនេះ?៕

Facebook Comments
Loading...