នគរបាលខេត្តកណ្ដាលបំបែកសំណុំរឿងចាប់ខ្លួនជនសង្ស័យជាឃាតករចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង

0
8717

កណ្ដាល ៖ នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ  នៃក្រសួងមហាផ្ទៃ និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បើកប្រតិបត្តិការស្រាវជ្រាវរហូតបំបែកសំណុំរឿង ចាប់ខ្លួនជនសង្ស័យជាឃាតករបានហើយ នៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ខណៈដែលជនសង្ស័យជាឃាតករព្យាយាមទៅលាក់ខ្លួនសំងំរស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ក្រោយធ្វើសកម្មភាពយកកាំបិតចាក់សម្លាប់មិត្តភក្តិខ្លួនឯងរហូតស្លាប់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៥៥នាទី នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ គក សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ចំណែកយុវជនរងគ្រោះឈ្មោះ លី ពិសី ហៅ ពីពីភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

គួររំឮកថា កាលពីថ្ងៃកើតហេតុថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ យុវជនរងគ្រោះនិងយុវជនសង្ស័យបាននាំគ្នាផឹកស៊ី ហើយពុំដឹងជាមានរឿងអ្វី បានកើតជាទំនាស់ទាស់ពាក្យសម្តីគ្នា រហូតធ្វើឲ្យយុវជនសង្ស័យបានយកកាំបិតចុងស្រួចមកចាក់លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ រួចយុវជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

ក្រោយពីមានហេតុការណ៍កើតឡើង យុវជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជាអកុសលយុវជនរងគ្រោះដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នគរបាលខេត្តកណ្ដាល កំណត់មុខសញ្ញាច្បាស់ថា ជនសង្ស័យកំពុងលាក់ខ្លួនក្នុងខេត្តពោធិសាត់ ហើយ​ក៏ធ្វើការសហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ, នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បើកប្រតិបត្តិការរហូតចាប់ខ្លួនបាន នៅវេលាម៉ោង១៦និង១០នាទី នៅចំណុចភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់៕

Facebook Comments
Loading...