ដោយគ្រោះរាំងស្ងួតមួយរយៈមកនេះដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតាបានរងផលប៉ះពាល់នៅខេត្តបាត់ដំបង

0
3265

បាត់ដំបង ៖ ដំណាំស្រូវរបស់ប្រជាកសិករជាង២ម៉ឺនហិកតានៅខេត្តបាត់ដំបង ស្រុកចំនួន៣ បានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ប៉ុន្តែក្រុមសមត្ថកិច្ចពាក់ព័ន្ធកំពុងបន្តបូមទឹកជួយសង្គ្រោះកុំអោយ រងផលប៉ៈពាល់ធ្ងន់ធ្ងរ ហើយសម្រាប់ប្រជាពលរដ្ឋដែលខូចខាតស្រូវទំាងស្រុង មន្ទីរបានត្រៀមពូជស្រូវនិងពូជបន្លែសម្រាប់ចែកជូនប្រជាពលរដ្ឋ អោយអនុវត្តការងារបង្ករបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ។

លោក ឈឹម វជ្ជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះថា ដំណាំស្រូវដែលរងផលប៉ៈពាល់ជាង ២ម៉ឺនហិចតានេះ ស្ថិតនៅក្នុងសុ្រកចំនួន៣ គឺស្រុកបវិល ស្រុកមោងឬស្សី និងស្រុកថ្មគោល ដោយសារគ្រោះរាំងស្ងួត គ្មានទឹកគ្រប់គ្រាន់សំរាប់ការងារបង្ករបង្កើនផលស្រូវ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរកសិកម្ម អាជ្ញាធរពាក់ព័ន្ធ និងក្រុមមន្រ្តីជំនាញ បានចុះទៅដល់ទីតាំង ត្រួតពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីរកវិធីដោះស្រាយនិងបូមទឹកជួយសង្រោ្គះដំណាំស្រូវរបស់ប្រជាកសិករឲ្យបានទាន់ពេលវេលា។ លោកបន្តទៀតថា ប្រភេទដំណាំងស្រូវដែលរងផលប៉ះពាល់ច្រើនជាងគេ គឺស្រូវស្រាលមិនប្រកាន់រដូវ។លោកបានបញ្ជាក់ទៀតថា ដំណាំស្រូវដែលរងគ្រោះដោយសារគ្រោះរំាងស្ងួតនេះ មិនបានធ្វើអោយប៉ៈពាល់ដល់សន្តិសុខស្បៀង របស់ប្រជាពលរដ្ឋឡើយ ពីព្រោះស្រូវទំាងនេះ មិនបានខូចទំាងស្រុងនោះទេ។ យ៉ាងណាក៏ដោយលោកថា សម្រាប់ប្រជាពលរដ្ឋដែលខូចខាតស្រូវទំាងស្រុង មន្ទីរបានត្រៀមពូជស្រូវនិងពូជបន្លែសម្រាប់ចែកជូនប្រជាពលរដ្ឋ អោយអនុវត្តការងារបង្ករបង្កើនផលឡើងវិញ ដើម្បីរួមចំណែកដោះស្រាយផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនោះផងដែរលោកប្រធានមន្ទីរកសិកម្ម ក៏បានសំណូមពរដល់ប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្រោយពេលប្រមូលផលស្រូវ ជាពិសេសត្រូវរកកន្លែងហាលរឺឡសម្ងួត ជៀសវាសទុកស្រូវសើមធ្វើអោយខូចគុណភាពស្រូវ ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវយល់ដឹងរាល់ការងារដាំដុះ ដែលកន្លងមកមន្ទីរបានចុះធ្វើការណែនាំ កម្មវីធីផ្សព្វផ្សាយកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ អោយស្របទៅនឹងរដូវកាល ការអនុវត្តអោយទាន់ពេលវេលា ដើម្បីទទួលបានទិន្នផលខ្ពស់។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាក្នុងខេត្តបាត់ដំបង មានផ្ទៃដីចំនួនជាង៣២ម៉ឺនហិកតា ដោយបានអនុវត្ដបានចំនួនជាង២៦ម៉ឺនហិកតា ស្មើរនឹងជាង៨០ភាគរយ៕

Facebook Comments
Loading...