បុរសម្នាក់ ជិះម៉ូតូល្បឿនលឿន រេចង្កូចធ្លាក់ចូលប្រឡាយត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់

0
4510

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ សង្ស័យជិះម៉ូតូល្បឿនលឿន បណ្តាលឲ្យរេចង្កូចធ្លាក់ចូលប្រឡាយកាយដាក់លូដីឡូត៍មួយកន្លែង បង្កឲ្យមានកាលភ្ញាក់ផ្អើលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅតាមចំណុចប្រឡាយលូដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីបុរសម្នាក់ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានកម្មករធ្វើរបងនៅចំណុចដីឡូត៍កើតហេតុខាងលើ បានឃើញបុរសម្នាក់ ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1B-4299 ធ្វើដំណើរទៅដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវងងឹតផង បានរេចង្កូចមកខាងស្តាំដៃ ធ្លាក់មកចិញ្ចើមផ្លូវជាង២០ម៉ែត្រ បណ្តាលឲ្យដួលចូលប្រឡាយកាយសំរាប់ដាក់លូ ត្រូវម៉ូតូសង្កត់ពីលើឈ្លក់ទឹកស្លាប់ នៅនឹងកន្លែងកើតហេតុ។

ប្រភពដដែលបន្តទៀតថា ក្រោយពីឃើញហេតុការណ៍នេះ ពួកគេក៏នាំគ្នាបានរាយការណ៍ប្រាប់ទៅម្ចាស់ដីបន្ទាប់មកម្ចាស់ដី ក៏បានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់ បានធ្វើការហ៊ុព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើ។ ចំពោះករណីខាងលើនេះ មិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ។ រងចាំសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ ទើបដឹងថា ជាករណីអ្វីឲ្យពិតប្រាកដ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ច និងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...