សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ៖ កូនរដូវប្រាំង នឹងកើតឡើងនៅពាក់កណ្តាលខែកក្កដានេះ ធ្វើឲ្យបរិមាណទឹកភ្លៀងធ្លាក់ចុះ

0
690

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ (កូនរដូវប្រាំង) ដោយបញ្ជាក់ថា កូនរដូវប្រាំងនឹងកើតឡើងនៅពាក់កណ្តាលខែកក្កដានេះ ធ្វើឲ្យបរិមាណទឹកភ្លៀងធ្លាក់ចុះ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលអង្គភាពសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកក្កដានេះ បានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញថា នៅក្នុងខែកក្កដានេះ (ចាប់ពីពាក់កណ្ដាលខែរហូតដល់ចុងខែ) សម្ពាធខ្ពស់ បាននិងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

លក្ខណៈបែបនេះ ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ដូចជា ថៃ, កម្ពុជា, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ។

ដោយឡែកសម្រាប់កម្ពុជា ស្ថានភាពនេះ ក្រសួងក៏បានជម្រាបជូនដំណឹងម្ដងរួចមកហើយ តាមរយៈការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ ២០២០ នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ ២០២០។ បន្ទាប់ពីនោះ ស្ថានភាពអាកាសធាតុនឹងត្រឡប់មកប្រក្រតីឡើងវិញ ដោយភ្លៀងក៏នឹងអាចធ្លាក់ រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹង អាចបណ្ដាលឱ្យខេត្តមួយចំនួន ដែលមានភូមិសាស្ត្រនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប តំបន់ជាប់ផ្លូវទឹក និងតំបន់មាត់សមុទ្រ ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្ដាលមកពីការ ធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។

ក្រសួងធនធានទឹកសង្កត់ធ្ងន់ថា «សូមជម្រាបជូនដល់សាធារណជន ពិសេសបងប្អូនប្រជាកសិករ បានជ្រាបជាព័ត៌មាន និងមានការយកចិត្ត ទុកដាក់ក្នុងការថែរក្សា និងប្រើប្រាស់ទឹកឱ្យបានល្អ សម្រាប់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាការងារបង្កបង្កើនផល»៕

Facebook Comments
Loading...