ស្ត្រីម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹមពេលឈប់នៅភ្លើងស្តុបចំការដូង

0
6781

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធ័មខណៈពេលជិះម៉ូតូឈប់ភ្លើងស្តុបត្រូវបានរថយន្តមកបុកនិងពីក្រោយពេញទំហឹង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភ្លើងស្តុបចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ម៉ែន ចន្ធូអាយុ៣៧ ឆ្នាំស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។ ចំណែកបើកបររថយន្តមានឈ្មោះស៊ុន សុងអាយុ៣៧ ឆ្នាំមុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិឆ្ងង ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ 2015 ពាក់ស្លាកលេខភ្នំពេញ 1DH-3064 ជិះតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3E -4273 បើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលមកបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញទំហឹងនិងកិនបណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ភ្លាមៗប្រជាពលរដ្ឋក៏បានជួយចាប់អ្នកបើកថយន្តប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោយកទៅសួរនាំ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...