ជនសង្ស័យដែលនគរបាលខណ្ឌសែនសុខចាប់បានកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានគេដោះលែងហើយ

0
4000

ភ្នំពេញ ៖ ជនសង្ស័យជំនាញខាងឆក់ប្លន់ម្នាក់ ដែលនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា នៃខណ្ឌសែនសុខទើបតែចាប់ខ្លួនបានកាលពីចុងខែមិថុនា ឆ្នាំ២០២០នោះ ត្រូវបានលោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងវិញហើយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ។

យោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្ន លេខ ៥២១២ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់លោក ហម ម៉េងសែ បានសម្រេចដាក់ជនត្រូវចោទឈ្មោះ ធឿន រាជ្យនា ភេទប្រុស អាយុ ១៧ឆ្នាំ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួន) ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ ធឿន រាជ្យនា ត្រូវបានលោក សេង ហៀង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុមុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣៣០៦ អ.យ.ន ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

បើយោងតាមដីកាសម្រេចមិនឃុំខ្លួនជាបណ្ដោះអាសន្នរបស់លោក ហម ម៉េងសែ ដែលជាចៅក្រមស៊ើបសួរនោះ លោក សេង ហៀង ជាម្ចាស់បណ្ដឹងអាជ្ញា បានចារ ថា «ប្ដឹងឧទ្ធរណ៍» មានន័យថា លោក សេង ហៀង នឹងប្ដឹងជំទាស់ចំពោះការដោះលែងជនសង្ស័យរូបនេះ ពីសំណាក់លោក ហម ម៉េងសែ។

គួររម្លឹកថា ជនត្រូវជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាម ក្នុងបទល្មើសជាក់ស្ដែងឆក់ទូរស័ព្ទដៃ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុមុខផ្សារហេងលី ផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Facebook Comments
Loading...