ប្រជាពលរដ្ឋម្ចាស់ក្បាលដី នៅភូមិត្នោតខ្ពស់ អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ចាប់ពីថ្ងៃនេះតទៅ

0
4640

ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណសង្កាត់ពន្សាំង។

លោក ពឹង  រតន: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ អំពាវនាវបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ពន្សាំង នាព្រឹកថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជា៥០នាក់។

លោកអនុប្រធានមន្ទីរបន្តថា ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋដែលមានដី នៅភូមិត្នោតខ្ពស់ ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ហើយក្នុងករណីមាន ខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ក្នុងការជំទាស់តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោ​ដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕

Facebook Comments
Loading...