លោកសុខ សម្បត្តិ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទាល់ចំនួន៥៥គ្រួសារ

0
7272

ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកសុខ សម្បត្តិ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជូនចាស់ជរា គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតសរុប៥៥គ្រួសារ​មកពី៥សង្កាត់ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងវត្តសុវណ្ណរាសីរតនារាម ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់គ្រួសារទាំងអស់នាពេលនេះ ហើយលោកក៏សូមអំពាវនាវឲ្យយកចិត្តទុកដាក់ពាក់ម៉ាស និងលាងដៃជាមួយអាកុល ឬចែល ដើម្បីជៀសផុតពីជំងឺកូវិដ១៩ទាំងអស់គ្នា ព្រមទាំងនៅពេលមានភ្លៀងផ្គរ ខ្យល់បក់បោកខ្លាំង ត្រូវរកកន្លែងមានសុវត្ថិភាព ត្រូវបិទទូរស័ព្ទ ទូរទស្សន៍ និងឧបករណ៍ផ្សេងៗដែលជាប្រភពចម្លងអគ្គិសនី ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ។

លោកបន្តថា នាពេលបច្ចប្បន្ននេះរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះប្រជាពលរដ្ឋ ទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ហើយនេះគឺជាក្តីកង្វល់មួយដែលត្រូវដោះស្រាយជាបន្ទាន់ ដោយមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ នៅក្នុងភូមិ ឫសង្កាត់និងខណ្ឌដែលអាជ្ញាធរមិនបានដឹងនោះឡើយក្នុងរយៈពេលកំពុងប្រយុត្តប្រឆាំងនិងជម្ងឺកូវិដ១៩នេះ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម  ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប ទឹកសុទ្ធ១ដប និងថវិកាចំនួន២០.០០០រៀល។ ក្នុងនោះព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះចៅអធិការវត្តសុវណ្ណរាសីរតនារាម បានចូលរួមជាបច្ច័យផ្ទាល់ខ្លួនរបស់ព្រះអង្គជូនក្នុង១គ្រួសារៗទទួលបាន២០.០០០រៀល និងបានចែកជូនយាយជី តាជីចំនួន២៩នាក់ក្នុងម្នាក់ៗទទួលបានថវិកា២០,០០០រៀល។ ដោយឡែកប្រជាកាពារ និងសណ្តាបធ្នាប់ខណ្ឌសរុបចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀលផងដែរ៕

Facebook Comments
Loading...