ឆ្មក់បង្ក្រាបទីតាំងលួចផលិតបារីក្លែងក្លាយមួយកន្លែង របស់ជនជាតិចិន នៅស្រុកភ្នំស្រួច ដកហូតបារីជាង១០០០ប៊ិច និងម៉ាស៊ីនផលិត២គ្រឿង

0
568

កំពង់ស្ពឺ ៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា សមត្ថកិច្ចជំនាញ បានចុះបង្ក្រាបទីតាំងលួចផលិតបារីក្លែងក្លាយមួយកន្លែង របស់ជនជាតិចិន នៅស្រុកភ្នំស្រួច និងដកហូតបារីជាង១,០០០ប៊ិច និងម៉ាស៊ីនផលិត២គ្រឿង។

លោកបានឱ្យដឹងថា ដោយលើឡើងអំពីករណីបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយរបស់ជនជាតិចិន ក្នុងស្រុកភ្នំស្រួចនោះថា មកទល់ពេលនេះកម្លាំងជំនាញសហការជាមួយអយ្យការ គណៈកម្មាធិការកំពុងតែស្រាវជ្រាវ និងសាកសួរករណីនេះយ៉ាងល្អិតល្អន់ ហើយនឹងចេញលទ្ធផលក្នុងពេលឆាប់ៗខាងមុខ។

លោកអភិបាលរងបានបន្តថា នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្នុងនាមតំណាងអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជ័យ រិទ្ធី អនុប្រធានលេខាធិការដ្ឋានក្រោមការសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្ត បានចុះឆែកឆេរទីតាំងផលិតបារីក្លែងក្លាយ មួយកន្លែងស្ថិតក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...