សេវាប្រមូលសម្រាមក្នុងដំណាក់កាលអន្ដរកាលល្អជាងមុន ប៉ុន្ដែប្រជាពលរដ្ឋនៅខណ្ឌព្រែកព្នៅ ពួកគាត់លំបាកក្នុងការបង់ថ្លៃសេវា 

0
215

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ លោក គ្រួច កានី សមាជិកាក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ប្រជាជពលរដ្ឋនៅ សង្កាត់ពញាពន់និងសង្កាត់សំរោងបានលើកឡើងពីសេវាប្រមូលសម្រាមក្នុងដំណាក់កាលអន្ដរកាលបន្ទាប់ពីសាលារាជធានីភ្នំពេញបានទទួលការងារ បន្ដពីក្រុមហ៊ុនស៊ិនទ្រីដែលមានលក្ខណៈល្អប្រសើរជាងមុន គឺមិនសូវកកស្ទះដូចការគ្រប់គ្រងដោយក្រុមហ៊ុនស៊ិនទ្រីនោះឡើយ។ ប៉ុន្ដែអ្វីដែលជាបញ្ហានោះ គឺពួកគាត់មានការលំបាកក្នុងការបង់ថ្លៃសេវាទៅវិញ ពួកគាត់ចង់បង់ថ្លៃសេវា ប៉ុន្ដែមិនដឹងទៅបង់នៅទីណា។ ដូចនេះសូមឲ្យរដ្ឋបាលខណ្ឌជួយសម្របសម្រួលបង្ហាញពីវិធីសាស្ដ្រ និងទីតាំងដែលត្រូវបង់សេវាសម្រាមរបស់ពួកគាត់ផង។

ឆ្លើយតបទៅនឹងបញ្ហានេះ លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការបង់ថ្លៃសេវាសម្រាម បានប្ដូរពីការបង់ផ្ទាល់ មកបង់តាមប្រព័ន្ធអនឡាញវិញ សម្រាប់អ្នកដែលប្រើប្រាស់ភ្លើងរដ្ឋ គឺត្រូវបង់តាមវិក័យបត្រភ្លើង។ ដោយឡែកសម្រាប់ប្រជាពរដ្ឋនៅសង្កាត់សំរោង សង្កាត់ពញាពន់ សង្កាត់ពន្សាំង ១ចំនួនដែលប្រើភ្លើងអគ្គិសនីឯកជន ត្រូវយកវិក័យបត្រចាស់ និងវិក័យបត្រថ្មី ដែលប្រើហើយឬ វិក័យបត្រ អគ្គិសនីឯកជន និងវិក័យបត្រសម្រាមចាស់ ទៅកាន់ទីចាត់ការគ្រប់គ្រងកាកសំណល់រឹង នៅជាន់ទី៦ នៃអាគារសាលារាជធានីភ្នំពេញដើម្បីចុះលេខអាយឌី សម្រាប់ប្រើប្រាស់ក្នុងការបង់សេវាសម្រាម។ បច្ចុប្បន្នមន្រ្ដីផ្នែកបរិស្ថានខណ្ឌកំពុងសម្របសម្រួល ធ្វើការងារនេះប៉ុន្ដែវាមានទំហំធំមិនទាន់ធ្វើបានគ្រប់គ្រាន់នៅឡើយ។

ចំណែគលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមទៅបង់សេវាប្រមូលសម្រាម ឲ្យបានទៀងទាត់ពេលវេលា តាមរយៈវិធីសាស្ដ្រខាងលើ ចៀសវៀងការផាកពិន័យ។ព្រោះថាថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងស្ដីពីការជម្រុញ ការបង់ថ្លៃសេវាសម្រាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្ដរកាលឲ្យបានទាន់ពេលវេលា បើពុំដូច្នោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការ១ចំនួនដូចជា៖ បញ្ចេញឈ្មោះអ្នកមិនទាន់បង់ថ្លៃសម្រាមនិងសំណល់រឹងជាសាធារណៈ តាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា កត់ត្រាបំណុលហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្មឬសេវាកម្មបណ្ដោះ​អាសន្ន និងអនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។

លោក អភិបាលខណ្ឌបាននែនាំដល់អាជ្ញាធរសង្កាត់ភូមិ និងសំណូមពរដល់ សមាជិកក្រុមប្រឹក្សាខណ្ឌ សូមជួយផ្សព្វផ្សាយព៌តមាននេះជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួគាត់បានយល់ដឹង និងបាន ទៅបង់សេវាប្រមូលសម្រាម តៅតាមពេលកំណត់។ ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ សម្បត្តិ បាននាំយកអង្ករ ដែលជាអំណោយ របស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ចែកជូនដល់សង្កាត់ទាំង៥ដោយក្នុង១សង្កាត់ ទទួលបានអង្ករ១តោន ​សម្រាប់ប្រើប្រាស់លើការងារមនុស្សធ៌ម ខណៈពេលដែលជម្ងឺកូវីដ១៩ កំពុងរាត្បាតជាសកលនេះ៕

Facebook Comments
Loading...