ឌុម កែវដា ជួបឡុង បេនលឿន រីឯពុទ្ធ ម៉ាណូយ ជួបលាភ សំណាង នាចុងសប្តាហ៍នេះ

0
142

ភ្នំពេញ ៖ កីឡាករឌុម កែវដា អ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ ឡើងសាក​កណ្តាប់ដៃនិងកីឡាករឡុង បេនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័នកីឡា ខណៈកីឡាករពុទ្ធ ម៉ាណូយ អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ៏យ ជួបកីឡាករលាភ សំណាង អ្នកប្រដាល់នៃក្លិបកងពលលេខ៧០ ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអាទិត្យ​ទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។

ការជួបគ្នារវាងឌុម កែវដា និងកីឡាករឡុង បេនលឿន ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាមអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ កីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបានដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។

រីឯកីឡាករ ឌុម កែវដា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តា​ប់ដៃនិង​កែង ​ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ក្នុងការប្រកួត​នេះក៍ត្រូវ​បាន​អ្នកវិភាគប្រដាល់អះអាងថា ឌុម កែវដា ប្រាកដ​ជា​ឈ្នះ​ជាក់​ជាមិន​ខាន។ ចាំមើល​កី​ឡាក​រ​ឌុម កែវដា អាច​យក​ឈ្នះលើកីឡាករថៃឡុង បេនលឿន ដូចការអះអាងដែរឬយ៉ាងណា?។

ដោយឡែកកីឡាករពុទ្ធ ម៉ាណូយ ត្រូវជួបជាមួយលាភ សំណាង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមអ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករលាភ សំណាង ជាកីឡាករជើងចាស់ចំណែកឯកីឡាករពុទ្ធ ម៉ាណូយ ជាកីឡាករជើងថ្មីដែលទើបនិងវាយឡើងស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ហើយកម្លាំងស៊ុហ្វខ្លាំងទៀតផង។

ចំណែក​កីឡាករជើងចាស់លាភ សំណាង ស្នៀតខ្លាំងរបស់គេគឺជើងទាត់ និងកណ្តាប់ដៃ តែគេអន់ខាងកម្លាំងស៊ុហ្វ បើគូប្រកួតវាយបុកខ្លាំងគេមិនអាចទប់បាន៥ទឹកនោះទេ។ បើទោះជាយ៉ាងនេះក្តីលាភ សំណាង មានបទពិសោធពេញខ្លួនអាចកំដរសិស្សប្អូនបានមិនខ្លាចរអាឡើយ។ ចាំមើលពុទ្ធ ម៉ាណូយ និងលាភ សំណាង នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...