មន្ទីរសម្រាកព្យាបាល និងសម្ភពសុវណ្ណឌីចោមចៅរងនូវការចោទប្រ​កា​ន់ថា គ្មានជំនាញ ដែលវះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូនវិះនិងស្លាប់

0
735

ភ្នំពេញ ៖ មន្ទីរសម្រាកព្យាបាលនិងសម្ភព «សុវណ្ណឌី» ចោមចៅដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរងនូវការចោទប្រកាន់ថា គ្មានជំនាញ បន្ទាប់ពីក្រុមគ្រូពេទ្យនៅទីនោះបានធ្វើការវះកាត់ស្រ្តីម្នាក់ឈឺពោះសម្រាលកូនវិះនិងបណ្ដាលឲ្យស្លាប់និងក្លាយទីជាជនពិការស្លាប់១ចំហៀងខ្លួនទាំងវ័យក្មេងបាត់ទៅហើយ។ ក្រុមគ្រួសារជនរងគ្រោះបានទៅសុំឲ្យគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅទទួលខុសត្រូវលើករណីនេះកាលពីវេលាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែមិនព្រមទទួលខុសត្រូវឡើយនិងអះអាងថា ឲ្យគ្រូពេទ្យធ្វើយ៉ាងម៉េចព្រោះវាជារឿងអ្នកជម្ងឺហើយអ្នកជម្ងឺកើតព្រាយក្រឡាភ្លើងទៅវិញ។

ស្រ្តីរងគ្រោះឈ្មោះ សាត ស្រី អាយុ២៥ឆ្នាំ មានប្តីឈ្មោះ ម៉េង បញ្ញា អាយុ២៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សាត ណាត អាយុ៤៧ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្រ្តីរងគ្រោះខាងលើបាននិយាយថា កូនស្រីរបស់លោកទើបតែសម្រាលកូនលើកដំបូងប៉ុណ្ណោះ ហើយនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កូនស្រីលោកឈឺពោះហើយបានទៅសម្រាលកូននៅមន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅ ខណៈនោះក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា កូនលើសថ្ងៃកើតហើយអត់ព្រមកើត ហើយសុខភាពមិនសូវល្អខ្សោយណាស់បើកើតធម្មជាតិមិនល្អទេគឺតម្រូវឲ្យវះកាត់បើមិនវះកាត់ទេគឺកូនគាត់អាចនិងបាត់បង់ជីវិត។ បន្ទាប់ពីឮគ្រូពេទ្យប្រាប់បែបនេះទើបក្រុមគ្រួសារព្រមឲ្យពេទ្យធ្វើការវះកាត់ ហើយពេទ្យបានធ្វើកិច្ចសន្យាផ្ដិតមេដៃនិងប្រគល់លុយថ្លៃវះកាត់ចំនួន៦៥០ដុល្លាររួចរាល់នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលក៏ចូលបន្ទប់វះកាត់រយៈពេលប្រហែល២០នាទីទៅកន្លះម៉ោងទើបរួចរាល់។

លោកណាតបានបន្តទៀតថា ក្រោយពីវះកាត់យកកូនចេញរួចរយៈពេល១ម៉ោងកូនស្រីគាត់ចាប់ផ្ដើមធ្វើទុក្ខខ្លាំងដោយឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង គាត់និងក្រុមគ្រួសារក៏សួរនាំព្រោះបារម្ភនិងអាការៈកូនស្រី ខណៈនោះពេទ្យបានប្រាប់ថា តាមដានបន្តិចសិន ការវះកាត់គឺតែងតែមានការឈឺចាប់បែបនេះឯង។ ពេលនោះគាត់ក៏បានស្នើរសុំឲ្យបញ្ជូនកូនទៅរកមន្ទីរពេទ្យធំៗដែលមានជំនាញជាងនេះ ប៉ុន្តែពេទ្យថា តាមដានសិននិងអះអាងថា កូនស្រីគាត់កើតព្រាយក្រឡាភ្លើងទៅវិញ រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលកូនកាន់តែធ្ងន់ធ្ងរទៅៗ គាត់ក៏និយាយថា បើសិនជាកូនស្រីខ្ញុំមានបញ្ហាអ្វីកើតឡើងខ្ញុំនិងប្ដឹងពេទ្យហើយ ទើបពេលនោះពេទ្យខាងលើទាក់ទងហៅរថយន្តសាមុយមន្ទីរពទ្យព្រះកុសុមៈមកដឹកយកកូនស្រីគាត់ទៅសង្រ្គោះបន្ទាន់ដោយមានគ្រូពេទ្យម្នាក់ទៅជាមួយដែរ ប៉ុន្តែពេលទៅដល់គ្រូពេទ្យម្នាក់នោះទុកកូនគាត់ចោលរួចចាកចេញទៅបាត់ ចំណែកគ្រូពេទ្យព្រះកុសុមៈបានប្រាប់គាត់ថា កូនស្រីគាត់មានឈាមហូរដក់ចូលស្បូនច្រើនទើបចុកព្រមទាំងដាច់សសៃឈាមថែមទៀត ហើយគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកុសុមៈបានធ្វើការវះកាត់ឡើងវិញយកឈាមនោះចេញព្រមទាំងកាត់ស្បូនចោលតែម្ដង ទើបរួចផុតពីស្លាប់ប៉ុន្តែស្លាប់១ចំហៀងខ្លួននិងមានសតិខុសប្រក្រតីដូចជាក្មេងអាយុ២ឆ្នាំអញ្ចឹង។

ឪពុករូបនេះបាននិយាយទៀតថា រយៈពេល៩ថ្ងៃហើយមិនដែលឃើញក្រុមគ្រូពេទ្យនិងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព«សុវណ្ណឌី» ចោមចៅ មិនបានអើពើទៅសួរនាំឬមើលនោះឡើយ ពេលនេះគាត់បានសុំឲ្យទទួលខុសត្រូវប៉ុន្តែគ្រូពេទ្យទាំងនោះមិនព្រមឡើយ ហើយគាត់ក៏មានការសោកស្ដាយខ្លាំងណាស់ដែលចូលចំពេទ្យដែលគ្មានជំនាញបែបនេះ ដូច្នេះគាត់សំណូមពរសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងក្រសួងសុខាភិបាលជួយរកយុត្តិធម៌ជូនកូនស្រីគាត់ផង៕

Facebook Comments
Loading...