លែងលះគ្នាជាង១ខែ ប្ដីប្រពន្ធមួយគូពេលជួបគ្នាខាងប្រុសដាល់ទៅលើដើមទ្រូងស្រីបណ្ដាលឲ្យស្លាប់ពេលដឹកទៅព្យាបាលនៅមន្ទីរពេទ្យ

0
373

កណ្តាល ៖ អំពើឃាតកម្មមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចចិញ្ចើមផ្លូវបេតុងចូលវត្តស្អាងភ្នំខាងកើតស្ពាន បឹងកាចាន់ ស្ថិតនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ នី ឡេហ្សា ភេទស្រី អាយុ ២២ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការនី រោងចក្រ មានទីលំនៅភូមិ ពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្រពន្ធបានស្លាប់បាត់បង់ជីវិត។ រីឯឃាតករត្រូវជាប្ដីឈ្មោះ ជួន សារ៉ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលបានរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកន្លងមកជនសង្ស័យ និងជនរងគ្រោះជាប្តីប្រពន្ធបានឈ្លោះ លែងលះគ្នារយៈពេលជាង១ខែមកហើយ។លុះដល់ថ្ងៃខែកើតហេតុ ជនសង្ស័យបានជិះម៉ូតូទៅកៀរម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យធ្លាក់ពីចិញ្ចើមផ្លូវរួចអង្គុយនិយាយ ជាមួយប្រពន្ធ បានបន្តិចជនសង្ស័យ បានយកដៃឆ្វេងគៀកក ហើយយកដៃស្ដាំដាល់ទៅលើដើមទ្រូងជនរងគ្រោះ។ពេលវាយរួចជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនបាត់។

ចំណែកជនរងគ្រោះបាន ដួលផ្កាប់មុខទៅលើដី ហើយបានក្រុមគ្រួសារដឹកយកទៅពេទ្យ តែជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។ករណីនេះសមត្ថកិច្ចខេត្ត បានទទួលព័ត៌មានពីមន្ត្រីជំនាញថ្នាក់ស្រុកនៅវេលាម៉ោង៩និង៥៩នាទី ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។សមត្ថកិច្ចស្រុកបានស្នើសុំមន្ត្រីជំនាញកោសល្យវិច័យខេត្ត ចូលរួមពិនិត្យ និងស្នើសុំមន្ត្រីជំនាញ ខេត្តចូលរួមជួយ បើកធ្វើការស៊ើបអង្កេត។

ប្រភពដដែលបានបញ្ជាក់ទៀតថាដោយបានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនៃស្នងការដ្ឋានគរបាលខេត្ត និងទទួលបានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីជំនាញខេត្តស្រុកប៉ុស្តិ៍បានចុះទៅធ្វើកោសល្យវិច័យលើសាកសពនិងបើកការស៊ើប អង្កេតរកបទល្មើស ដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង។

 

បន្ទាប់មកកម្លាំងជំនាញការរិយាលយ័បច្ចេកទេសនិងវិទ្យាសាស្រ្តខេត្តសហការនិងកម្លាំងពិនិត្យវិភាគកន្លែងកើតហេតុស្រុកកម្លាំងប៉ុស្តិ៍ អាជ្ញាធរមូដ្ឋាន និងក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ ដើម្បីធ្វេីការពិនិត្យសាកសព ជាលទ្ធផលត្រួតពិនិត្យសាកសព៖១-ស្នាមកកិត រលាត់ដាច់ស្បែកចុងភ្នែកស្ដាំ,២-ស្នាមរលាត់ លើបបូរមាត់ ផ្នែកខាងលើ,៣-ស្នាមមុតដើមទ្រូងចំនួន០២កន្លែងដែលមានជំរៅមុតធ្លុះដល់ក្នុង និងមុតដល់ឆ្អឹង,៤-ស្នាមមុតលើគន្លាក់ដៃឆ្វេងចំនួន០១កន្លែង,៥-ស្នាមមុតក្បែរ ថ្លើមដៃ ចំនួន០១កន្លែងនិង៦-ស្នាមរលាត់ដាច់ស្បែកក្រោមកែងដៃ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាស្ត្រីជាជនរងគ្រោះពិតជាស្លាប់ដោយអំពើឃាតកម្មប្រាកដមែន។ ដោយឡែកសាកសពក្រោយពីពិនិត្យរួចសមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...