ទាហានមួកខៀវកម្ពុជា ឆ្លងជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី ពីររូបបានជាសះស្បើយ ខណៈមួយរូបទៀត កំពុងបន្តតាមដាន

0
820

ភ្នំពេញ ៖ កងកម្លាំងយោធាមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្ម នៅប្រទេសម៉ាលី ដែលឆ្លងជំងឺកូវីដ-១៩នោះ ពេលនេះបានជាសះស្បើយពីររូបហើយ ខណៈមួយរូបទៀតបាននិងកំពុងបន្តការដានដោយយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញប្រចាំតំបន់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា លោកបានទទួលពត៌មានតាមសារអេឡិចត្រូនិក ពីតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិមកថា កងកម្លាំងមួកខៀវកម្ពុជា២រូប បានមានសុខភាពល្អជាធម្មតាវិញហើយ ហើយមួយរូបទៀត បន្តព្យាបាលដោយមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ។

ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានកោតសរសើរដល់វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យកម្ពុជា រួមសហការបានយ៉ាងល្អជាមួយក្រុមគ្រូពេទ្យអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ដោយការយកចិត្តទុកដាក់ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ហើយក៏ជាលើកដំបូងផងដែរ សម្រាប់កងយោធពលខេមរភូមិន្ទក្នុងការព្យាបាលជំងឺរោគរាតត្បាតដ៏កាចសាហាវ COVID -19 បានជាសះស្បើយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ក្រុមគ្រូពេទ្យ អ.ស.ប បានស្នើសុំឱ្យក្រុមគ្រូពេទ្យកម្ពុជា បន្តការប្រើថ្នាំព្យាបាល និងដាក់អ្នកទាំងបីឱ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃថែមទៀត កំលុងពេលរង់ចាំយកសំណាកទៅធ្វើការពិនិត្យ ដើម្បីបញ្ជាក់ថាគ្មានផ្ទុកមេរោគនេះបន្តទៅទៀត។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងដែរថា មជ្ឈមណ្ឌលជាតិបន្តធ្វើការតាមដាន និងណែនាំជាប់ជាប្រចាំ ព្រមទាំងក្រើនរំលឹកដល់កងកម្លាំងទាំងអស់អោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងCOVID-19។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

Facebook Comments
Loading...