ស្នងការនគរបាលរាជធានីភ្នំពេញ បើកវគ្គបំប៉នសមត្ថភាពមន្ត្រីនគរ​បាលចរាចរណ៍ ត្រៀមចេញប្រតិបត្តិការអនុវត្តច្បាប់នៅថ្ងៃទី១ ខែឧសភា

0
260

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញបើកវគ្គបំប៉នសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ មុនចេញប្រតិបត្តិការអនុវត្តច្បាប់នៅថ្ងៃទី១ ខែឧសភានេះ នៅព្រឹកថ្ងែទី២៨ ខែ មេសា ឆ្នាំ២០២០។

កិច្ចប្រជុំបានធ្វើឡើងនៅនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការរង នាយ នាយរងការិ​យាល័យ អធិការ អធិការរងនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន និងឧត្តមសេនីយ៍ឯក ស ថេត បានឡើងមានប្រសាស៍និងផ្តល់ជាមតិណែនាំល្អជាច្រើនដល់អង្គប្រជុំ ជាពិសេសណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ត្រូវមានវិន័យ និងសីលធម៌ល្អ ដើម្បីយកទៅអនុវត្តការងារជាក់ស្តែងឲ្យបានល្អតាមអង្គភាពរៀងៗខ្លួន។

ក្រោយពីបញ្ចប់ពិធីបើកវគ្គបំប៉នសមត្ថភាពមន្ត្រីចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន និងឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជើញចែកម៉ាស ស្រោមដៃ និងទឹកអាល់កុលជូនដល់ការិយាល័យជំនាញ អធិការនគរបាលខណ្ឌទាំង១៤ ដើម្បីយកទៅចែកជូនដល់មន្ត្រីដែលត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃ ទី០១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ។សូមបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា សប្តាហ៍នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូរទាំងប្រទេស ។

ក្នុងសេចក្តីជូនដំណឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានណែនាំកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យខាងលើប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់៕

Facebook Comments
Loading...