បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូសាចទឹកភ្លៀងលើគ្នា រួចដេញធាក់គ្នាតាមផ្លូវ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូវផ្លូវ

0
765

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូសាចទឹកលើគ្នា កើតទំទាស់ពាក្យសម្តី បានជិះម៉ូតូដេញធាក់គ្នាតាមផ្លូវ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូវផ្លូវ បណ្ដាលឲ្យដួលម៉ូតូបោកក្បាលតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចគ្លីនិកស័ង្កម៉ារី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជា ស៊ីថេត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពុងត្របែក ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DF-3305 រងការខូចខាតទាំងស្រុង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់ឯង មកដល់ចំណុចមុខរង្វង់មូលចោមចៅ ក៏មានម៉ូតូ១គ្រឿងទៀត មិនចាំម៉ាក ជិះស្របគ្នា ដោយសារភ្លៀងទើបរាំង ទើបមានទឹកដក់លើផ្លូវ ក៏សាចទឹកដាក់គ្នា ធ្វើឲ្យមានទាស់ពាក្យសម្ដីគ្នា រហូតជិះម៉ូតូប្រដេញគ្នាធាក់គ្នាពេញផ្លូវ មកដល់ចំណុចកើតហេតុ ម៉ូតជនរងគ្រោះ ក៏ជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យដួលបោក បាក់.កស្លាប់ភ្លាមៗតែម្តង។ ភ្លាមៗនោះ ភាគីម្ខាងទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហៅរថយន្តសាមុយដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំណែកម៉ូតូរងគ្រោះ ត្រូវបានយករក្សាទុកនៅចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ រង់ចាំក្រុមគ្រួសារយកទៅផ្ទះវិញ៕

Facebook Comments
Loading...