ឡៅ ចិត្រា ស្វាគមន៍កីឡាករថៃនឹងត្រាក់កាន ខណៈឡុង សុវណ្ណឌឿន ជួបណួមីណ ត.បួម៉ាត

0
882

ភ្នំពេញ ៖ កីឡាករជើងខ្លាំងស្រករក្រោយ៣រូបមានឡៅ ចិត្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ និងកីឡាករឡុង សុវណ្ណឌឿន អ្នកប្រដាល់របស់ក្លិបសាលវ័ន្តកីឡា ឡើងស្វាគមន៍កីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ និងកីឡាករណួមីណ ត.បួម៉ាត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ២០២០នេះ។

កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡៅ ចិត្រា ឡើងតតាំងជាមួយកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាកន្លងមក ព្រោះកីឡាករថៃម្នាក់នេះជាកីឡាករទម្ងន់ធ្ងន់ ហើយសម្រកគីឡូមកប្រកួតគីឡូមធ្យម ស្នៀតខ្លាំងរបស់កីឡាករថៃម្នាក់នេះគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល ដែលធ្លាប់បានយកឈ្នះលើកីឡាករកម្ពុជា ជាច្រើននាក់មកហើយដែរ។

ចំណែកឡៅ ចិត្រា វិញបច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាក្នុងការជួបប្រកួតជាមួយកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់ នេះត្រូវបាន​អ្នកវិភាគប្រដាល់អះអាងថា ឡៅ ចិត្រា មានភាគរយឈ្នះត្រឹមហាសិបភាគរយប៉ុណ្ណោះ ព្រោះកីឡាករថៃម្នាក់នេះ គេជាកីឡាករជើងខ្លាំងដែលធ្លាប់ឈ្នះក្រវាត់នៅស្រុកគេផងដែរ។ ចាំមើលឡៅ ចិត្រា ជាអ្នកឈ្នះឬកីឡាករថៃនឹងត្រាក់កាន ក.កាមន្តវ៉ាត់?។

ដោយឡែកកីឡាករឡុង សុវណ្ណឌឿន គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះណួមីណ ត.បួម៉ាត ​​​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះ នាពេលកន្លងមក ហើយមិនទាន់ដឹងថា កីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ ឡុង សុវណ្ណឌឿន គេ​ក៏​ជា​កីឡាករ​​ជើង​ខ្លាំងទម្ងន់ធ្ងន់​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ជួមុខរបស់ប្រទេស​កម្ពុជា​នា​ពេលបច្ចប្បន្ននេះ។

កីឡាករឡុង សុវណ្ណឌឿន គេជាអ្នកលេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀត​ជើង​ទាត់ និង​ជង្គង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ថែមទៀត។ ប៉ុន្តែ​យ៉ាងណា សុវណ្ណឌឿន ក៏​មាន​ចំ​ណុច​ខ្សោយ​ខ្លះ​ដែរ គឺត្រង់​គេ​វាយ​ចេញ​រាងយឺតបន្តិចប៉ុណ្ណោះ តែគេមានកម្លាំង​ពលំពេ​ញ៥​ទឹកមិនពិបាក​ឡើយ។ ចាំមើលកី​ឡា​ករឡុង សុវណ្ណឌឿន នឹង​កីឡាករ​ថៃ ណួមីណ ត.បួម៉ាត នេះនណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...