អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត

0
260

កំពង់ធំ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ ឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារនៅឆ្នាំ២០១៩ និងលើកទិសដៅបន្តនៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ ថាអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់គ្នាត្រូវរួមគ្នាបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចល វឹកវរ អសន្តិ​សុខក្នុងសង្គម។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងបន្ថែមថា ការរៀបចំគ្រប់គ្រងសំរាម អនាម័យ បរិស្ថាននៅតាមទៅផ្សារឲ្យបានល្អ ដោ​យ​ស្នើឱ្យរដ្ឋបាលខេត្តកំពង់ធំត្រូវពិនិត្យ និងសហការជាមួយក្រសួងបរិស្ថាន រៀបចំជាអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយគ្នា ដើម្បីអនុវត្តគម្រោងគ្រប់គ្រងសំរាមនេះ ដោយអនុវត្តសាកល្បងមុនដំបូងនៅក្រុង-ស្រុក៣ គឺក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកតាំងគោក។

បើតាមអនុសាសន៍បន្ថែមរបស់លោក ថោង ខុន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក រហូតដល់ថ្នាក់ឃុំ-សង្កាត់ ត្រូវរួមគ្នាបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាលប៉ុនប៉ងបង្កឲ្យមានអំពើហិង្សា ភាពចលាចល វឹកវរ អសន្តិសុខក្នុងសង្គម ដោយត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងខិតខំបំផុសអប់រំប្រជាពលរដ្ឋឲ្យខិតខំគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ ក៏ដូចជាសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។

លោកបានបន្តថា អាជ្ញាធរខេត្តត្រូវដឹកនាំមន្ទីរ-អង្គភាពជំនាញពិនិត្យ និងរៀបចំភ្លើងសញ្ញាចរាចរណ៍ ការរៀបចំដាក់តាំងស្លាកផ្សាយពាណិជ្ជកម្មតាមដងផ្លូវសាធារណៈនានាឱ្យមានសណ្តាប់ធ្នាប់ ដោយត្រូវផ្តល់អាទិភាពជាចម្បងដល់ការដាក់តាំងស្លាកសញ្ញាចរា​ចរណ៍ និងខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ រៀបចំចំណតយានយន្ត ដើម្បីសម្រួ​ល​ដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ដោយសារខេត្តកំពង់ធំមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ដូច្នេះលោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យអាជ្ញាធរត្រូវខិតខំរុករក ប្រើប្រាស់នូវសក្តានុពលទេសចរណ៍ដែលមាន តាម​រយៈការជំរុញលើកទឹកចិត្តដល់វិស័យឯកជន និងសហគមន៍នៅមូលដ្ឋានក្នុងការអភិវឌ្ឍរមណីយដ្ឋាន និងមណ្ឌលទេសចរណ៍នានាប្រកបដោយភាពទាក់ទាញ មានសោ​ភ័ណភាព មានអនាម័យ សណ្តាប់ធ្នាប់ បរិស្ថានល្អ ដើរទន្ទឹមនឹងការពង្រឹងគុណភាពនានាពាក់ព័ន្ធវិស័យទេសចរណ៍ ការបង្កើត ផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស សំដៅបង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោក ថោង ខុន បានបន្ថែមទៀតថា ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូ​មពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសសំណើ សំណូមពរ និងបញ្ហាប្រឈម ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនានា ដែលរៀបចំឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈមទាំងឡាយណាដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្ត ដោយមានកិច្ចសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវធ្វើសេចក្តីរាយការណ៍មកក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា។

លោកបានផ្ដាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតាមដានពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពិសេសប្រសិនបើឃើញ ឬដឹងថាពលរដ្ឋណាម្នាក់មានអាការក្ដៅខ្លួន ឬគ្រុនក្ដៅ ឬផ្ដាសាយជាដើមនោះ ត្រូវរាយការណ៍ទៅកាន់មណ្ឌលសុខភាពនៅតាមឃុំ-សង្កាត់ភ្លាមៗ ដើម្បីការពារភូមិដ្ឋានពីជំងឺ Covid-19 និងជំងឺដង្កាត់ផ្សេងទៀត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គ្នាកុំឱ្យមានការភ័យខ្លាចហួសហេតុពេក ថ្វីដ្បិតជំងឺ Covid-19 ជាជំងឺឆ្លង ប៉ុន្តែវាក៏អាចព្យាបាលឱ្យជាសះស្បើយវិញបានដែរ។ ទោះយ៉ាងណា ដើម្បីការពារខ្លួនពីជំងឺដង្កាត់នានាទុកជាមុន ក៏ត្រូវថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងត្រូវលាងដៃនឹងសាប៊ូ ហើយនៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះនឹងកន្សែង ឬក្រមាខ្មែរ ដើម្បីការពារកុំឱ្យឆ្លងទៅដល់អ្នកដទៃផងដែរ៕

Facebook Comments
Loading...