ខណ្ឌព្រែកព្នៅមិនគាំទ្រ និងលើកទឹកចិត្តឲ្យមានកន្លែងម៉ាស្សា និងកោសជប់តាមដងផ្លូវធំៗនោះឡើយ

0
792

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ លោកសុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ និងជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែក មានប្រសាសន៍ថា អាជ្ញាធរខណ្ឌព្រែកព្នៅ មិនគាំទ្រ និងលើកទឹកចិត្ត ឲ្យមានកន្លែង ម៉ាស្សា និងកោសជប់តាមដងផ្លូវជាតិលេខ៥ និង មហាវិថីឈ្នះឈ្នះ ដែលស្ថិតក្នុងភូមិសាស្ដ្ររបស់ខ្លួនគ្រប់គ្រងឡើយ។ ប៉ុន្ដែបើម្ចាស់អាជិវកម្ម ចង់បើកគឺអាចបើកនៅផ្លូវក្នុង តែក៏ត្រូវសុំ ច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវដែរ។

លោកបានបញ្ជាក់ថា ការមិនលើកទឹកចិត្តឲ្យមានកន្លែងម៉ាស្សា និងកោជប់នៅតាមផ្លូវធំដូចច្នេះគឺដោយសារ បទពិសោធន៍កន្លងមក ក្នុងការគ្រប់គ្រងរបស់លោក នៅខណ្ឌដូនពេញ កន្លែងម៉ាស្សាកោសជប់១ចំនួន ធ្វើអាជីវកម្មយូរទៅបានប្រែក្លាយ ពីកន្លែង ម៉ាស្សាកោជប់ ទៅជាកន្លែងរកស៊ីផ្លូវភេទ ដែលតែងបង្កនូវភាពស្មុគ្រស្មាញ និងធ្វើឲ្យខុសទំនៀមទម្លាប់ប្រពៃណីខ្មែរ។ សកម្មភាពអវិជ្ជមានទាំងនេះ ពេលដែលភ្ញៀវអន្ដរជាតិ បានឃើញ ពួកគេនឹងយកផ្សព្វផ្សាយចេញទៅក្រៅ ដែលធ្វើឲ្យបាត់បង់កេរឈ្មោះនិងកិត្តិយស របស់កម្ពុជា។

លោកអភិបាលខណ្ឌ បានណែនាំដល់ប្រធានច្រកចេញចូលតែ១ មិនត្រូវចេញច្បាប់ អនុញ្ញាត្តិឲ្យបើកហាង ម៉ាស្សាកោជប់ នៅតាមផ្លូវជាតិលេខ៥ និងមហាវិថីឈ្នះឈ្នះឡើយ អាជ្ញាធរខណ្ឌមិនលើកទឹកចិត្តនោះទេ។

លោកសុខ សម្បត្តិ បានលើកឡើងទៀតថា នៅចុងឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា និងរៀបចំធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំអាស៊ីអឺរ៉ុបចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលមានសមាជិកមកពី៥៣ប្រទេសចូលរួម។ សម្រាប់ខណ្ឌព្រែកព្នៅ ក៏ ជាមូលដ្ឋាន ដែលថ្នាក់ដឹកនាំក៏ដូចជាភ្ញៀវជាតិអន្ដរជាតិអាច ឆ្លងកាត់ ដូចនេះក្នុងនាមសមត្ថកិច្ច យើងត្រូវរៀបចំកែលម្អសោភ័ណភាព ក្នុងមូលដ្ឋានទាំងនៅតាម ផ្លូវគោកនិងតាម ដងទន្លេព្រមទាំង ការពារសន្ដិសុខជូនពួកគាត់ ឲ្យបានល្អប្រសើរ។

ដោយឡែកសម្រាប់ បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅឋាន ដីឡូតិ៍ សណ្ឋាគារ ក្រុម​ហ៊ុន សហគ្រាស អាជីវកម្ម សេវាកម្ម សូមចូលរួមរៀបចំបោសម្អាត ធ្វើអនាម័យ តាមទីតាំងរបស់ខ្លួន កាប់មែកឈើដែលទោសំយ៉ាកមកលើផ្លូវ និងបាំងស្លាកសញ្ញាចរាចរ  ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើចរាចរតាមដងផ្លូវត្រូវសម្រួលចាប់ពីពេលនេះតទឿ៕

Facebook Comments
Loading...