និស្សិត ដែលជាប្រធាន-អនុប្រធានថ្នាក់ គឺជាគម្រូ ជានិមិត្តរូបសម្រាប់និស្សិតដទៃទៀត

0
780

ភ្នំពេញ ៖ ក្នុងឱកាស ប្រគល់លិខិតតែងតាំង ប្រធាន-អនុប្រធានថ្នាក់ និស្សិតពូកែឆ្នាំប្រចាំ អាហាររូបករណ៍សាកលវិទ្យាល័យតាមរយៈក្រសួង អប់រំ យុវជន និងកីឡា និង ប័ណ្ណសសើរសម្រាប់និស្សិតដែលបានចូលសិក្សាស្រាវជ្រាវក្នុងបណ្ណាល័យច្រើនជាងគេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក សួស សោភា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងផ្នែកចុះកម្មសិក្សា និងស្វែងរកការងារនៃ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថានិស្សិត ដែលជាប្រធាន-អនុប្រធានថ្នាក់ គឺជាគម្រូសម្រាប់និស្សិតដទៃទៀត ពិសេសគឺត្រូវធ្វើគំរូលើពេលវេលាក្នុងការសិក្សា ដោយមិនត្រូវមករៀន យឺតពេល ចេញមុនម៉ោង ឬឈប់ញឹកញាប់នោះឡើយ។

លោកបានបញ្ជាក់ថា ភាពជានិមិត្តរូប អ្នកមានកិត្តយសកេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ និងជាគំរូគេ គឺផ្តើមចេញពីនិស្សិតពូកែក្នុងការសិក្សា រីឯភាពជាអ្នកដឹកនាំ ឬក្លាយជាអ្នកដឹកនាំគឺផ្តើមចេញពីការធ្វើប្រធាននិងអនុប្រធានថ្នាក់នេះឯង។

ចំណែកលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី  អឺរ៉ុប បានលើកសរសើរ ចំពោះប្អូនៗ ប្រធានអនុប្រធានថ្នាក់ ដែលបាន លះបង់ពេលវេលា កម្លាំងកាយចិត្តរបស់ខ្លួន ក្នុងការគ្រប់គ្រងនិស្សិតក្នុងថ្នាក់និងអនុវត្តវិន័យរបស់សាកលវិទ្យាល័យ ព្រមទាំងទទួលនិងផ្តល់ព័ត៌មានពីសាកលវិទ្យាល័យទៅនិស្សិត និងពីនិស្សិតទៅសាកលវិទ្យា-ល័យវិញ ព្រោះការគ្រប់គ្រងនិស្សិត គឺមិនដូចការគ្រប់ គ្រងបុគ្គលិកទេ វាពិបាកតែជាបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ និង ជាអនុស្សាវរីយ៍ដ៏ល្អមួសម្រាប់ថ្ងៃ       អនាគត។ និស្សិត ដែលជា អ្នកគ្រប់គ្រងថ្នាក់ចំនួន២០៣គឺសុទ្ធតែជាជនគំរូ និង ជានិមិត្តរូបនៃនិស្សិតសរុបជាង ១ម៉ឺននាក់ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបយើងនេះ។

លោកបណ្ឌិត ជា សុភាព បានជំរុញលើកទឹកចិត្តឱ្យបងប្អូនជាប្រធាន អនុប្រធាន ថ្នាក់ និងនិស្សិតពូកែទាំងអស់ ត្រូវបន្តចូលរួមក្នុងដំណើរការ សិក្សារៀនសូត្រឲ្យកាន់តែសកម្មថែមទៀត និងមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ក្នុងការពង្រឹងពុទ្ធិ ជំនាញ កាន់តែប្រសើរក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។

លោកបណ្ឌិតបានបន្តទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ទៅលើគុណភាពនៃការបណ្តុះបណ្តាលជាពិសេស ជំរុញ និងលើកស្ទួយកិច្ចការស្រាវជ្រាវតាមគ្រប់រូបភាពដោយមានសម្ភារៈរូបវ័ន្តត្រូវនឹងជំនាញសិក្សា និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិនៃកម្ពុជា និងតំបន់ ព្រមទាំងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋានកាន់តែច្រើនឡើង ជាពិសេសមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងក្នុងនិងក្រៅប្រទេសផងដែរ ស្របតាមចក្ខុវិស័យ បេសកកម្ម គោលដៅ និង ផែន ការយុទ្ធសាស្រ្តរបស់ខ្លួន ៕

 

Facebook Comments
Loading...