ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទទី២៤ ខែកុម្ភៈនេះបានរកឃើញករណីឆ្លង COVID-19 ចំនួនសរុបដល់៧៦៣នាក់ហើយ

0
1264

បរទេស ៖ ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះបានបញ្ជាក់ថាបានរកឃើញករណីឆ្លង COVID-19 ចំនួន ១៦១ ករណីបន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបដល់ ៧៦៣ នាក់គិតត្រឹមម៉ោង ៩ព្រឹកម៉ោងប្រទេសកូរ៉េ។ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺនៃប្រទេសនេះ។ ក្នុងនោះទារកអាយុ ១៦ ខែគឺជាអ្នកជំងឺដែលក្មេងជាងគេ។

របាយការណ៍ដដែលនោះក៏បានរាយការណ៍ពីករណីស្លាប់មួយបន្ថែមទៀត នាំឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 របស់ប្រទេសនេះឡើងដល់៧នាក់។អាជ្ញាធរសុខាភិបាលបាននិយាយថាបុរសអាយុ ៦២ ឆ្នាំម្នាក់ដែលមានទំនាក់ទំនងនឹងមន្ទីរពេទ្យនៅភាគអាគ្នេយ៍នៃតំបន់ Cheongdo បានស្លាប់ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ។

ករណីឆ្លងច្រើនបំផុតកើតមាននៅពីរតំបន់ មួយស្ថិតក្នុងចំណោមក្រុមនិកាយសាសនាគ្រិស្តនៅភាគអាគ្នេយ៍នៃទីក្រុង Daegu និងមួយទៀតស្ថិតមន្ទីរពេទ្យ Daenam ក្នុងតំបន់ Cheongdo ដែលស្ថិតនៅជិតទីក្រុង Daegu ដែរ។

ក្នុងចំណោមករណីថ្មីទាំង ១៦១នាក់ ក្នុងនោះ១៤២ ករណីត្រូវបានរកឃើញនៅទីក្រុង Daegu ដែលចម្ងាយ៣០០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល និងខេត្ត Gyeongsang ដែលនៅជាប់គ្នា។ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺកូរ៉េបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកឆ្លង ៣ នាក់ផ្សេងទៀតត្រូវបានរាយការណ៍នៅទីក្រុងសេអ៊ូល។

កាលពីថ្ងៃអាទិត្យប្រទេសកូរ៉េខាងត្បូងបានបង្កើនកម្រិតប្រកាសអាសន្នចំពោះវីរុសនេះដល់កម្រិតខ្ពស់បំផុត (ពណ៌ក្រហម) ដែលជាកម្រិតនៃការគំរាមកំហែងខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូក H1N1 កាលពីឆ្នាំ ២០០៩។

ការប្រកាសកម្រិតប្រុងប្រយ័ត្នខ្ពស់បំផុតនេះនឹងអនុញ្ញាតឱ្យអាជ្ញាធរបញ្ជាបិទសាលារៀនជាបណ្តោះអាសន្ន និងកាត់បន្ថយជើងហោះហើរចេញចូលប្រទេស។ក្រសួងអប់រំបានណែនាំដល់សាលាមត្តេយ្យនិងសាលារៀនទាំងអស់ឱ្យពន្យាពេលបើកឆមាសថ្មីរបស់ពួកគេត្រឹមមួ​យសប្តាហ៍ក្នុងគោលបំណងដើម្បីការពារកុំអោយវីរុសឆ្លងរាលដាលកាន់តែទូលំទូលាយ៕

 

Facebook Comments
Loading...