វង្ស វិឆ័យ ជួបកីឡាករអ៊ីរ៉ង់ រីឯអេ ណារ័ត្រ និងខាំ ខ្លានាង សាកវិជ្ជាគុននិងកីឡាករថៃ

0
97

ភ្នំពេញ ៖ កីឡាករដែលកំពុងមានប្រជាប្រិយខ្លាំង វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឡើងជួបកីឡាករមកពីប្រទេសអ៊ីរ៉ង់Amiri MiKaeil ខណៈកីឡាករអេ ណារ័ត្រ អ្នកប្រដាល់នៃក្លិបអេភូថងកីឡា និងកីឡាករខាំ ខ្លានាង ជួបកីឡាករថៃឃុនភុនណយ ស៊ីសំអាង និងកីឡាកររុងវិធិយ៉ា ស៊ីត.លួងពូឧដុម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាករមកពីប្រទេសអ៊ីរ៉ង់Amiri MiKaeil ក្នុងប្រភេទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក នៅសង្វៀននេះ។ បើទោះបីជា វង្ស វិឆ័យ មិនធ្លាប់ជួបកីឡាករអ៊ីរ៉ង់Amiri MiKaeil ម្នាក់នេះក៍ពិតមែនតែការប្រកួតនេះត្រូវបានអ្នកតាមដានកីឡាលើកឡើងថា វង្ស វិឆ័យ មានភាគរយឈ្នះច្រើនលើកីឡាករអ៊ឺរ៉ង់ ព្រោះបច្ចប្បន្នកីឡាករកម្ពុជាម្នាក់នេះកំពុងឡើងកូដ វាយកម្រចាញ់គូប្រកួតណាស់ ពិសេសជួបជាមួយកីឡាករថៃ។ ចាំមើលវង្ស វិឆ័យ អាចយកឈ្នះលើកីឡាករអ៊ីរ៉ង់Amiri MiKaeil បានដូចការលើកឡើងរបស់អ្នកតាមដានដែរឬយ៉ាងណា?។

ចំណែកកីឡាករអេ ណារ័ត្ន ត្រូវជួបជាមួយកីឡាករថៃឃុនភុនណយ ស៊ីសំអាង ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ​អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថា​កីឡា​ករ​ថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែបើតាមកីឡាករថៃដែលមកប្រកួតនៅស្រុកខ្មែរកន្លងមក ពួកគេពូកែខាងស្នៀតជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ចំណែកអ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ដែលកំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយ ទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។ ចាំមើលរវាងអេ ណារ័ត្ន និងកីឡាករថៃឃុនភុនណយ ស៊ីសំអាង នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករស្រករក្រោយខាំ ខ្លានាង គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះរុងវិធិយ៉ា ស៊ីត.លួងពូឧដុម ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូ​ក្រាម ដែលកីឡាករថៃម្នាក់នេះ​ក៍ធ្លាប់មកប្រកួត​នៅសង្វៀនប្រទេសកម្ពុជា ជាច្រើនដងផងដែរមានឈ្នះមានចាញ់ ជាមួយកីឡាករលំដាប់ៗ​របស់កម្ពុជា។

ខាំ ខ្លានាង គេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំពុងតែ​ចាប់អារម្មណ៍ចំពោះស្នៀតគុនរបស់​កីឡាករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំងនោះ។ ជាមួយនិងស្នៀត​ខ្លាំង​ទាំងដៃទាំងជើងនិងកែង បានធ្វើឲ្យកីឡាករខាំ ខ្លានាង ផ្តួលដៃគូជា​បន្ត​បន្ទាប់ទាំង​កីឡាករ​ជើងចាស់ និងកីឡាករជើងថ្មីហើយបានធ្វើឲ្យរូបគេឡើង​ប្រកួតឈាន​ដល់​គូឯក និងប្រកួត​លក្ខណៈមិត្ត​ភាពអន្តរជាតិ។ ​ចាំមើលរវាង​ខាំ ខ្លានាង និងកីឡាករថៃរុងវិធិយ៉ា ស៊ីត.លួងពូឧដុម នេះន​រណា​ជា​អ្នកឈ្នះ?៕

Facebook Comments
Loading...