ខ្មាន់កាំភ្លើងដែល​បាញ់ក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្បែរវិមានជ័យជំនះថៃកាលពីរសៀលម្សិលមិញត្រូវបានចាប់ខ្លួនហើយ

0
333

បរទេស ៖ ខ្មាន់កាំភ្លើងម្នាក់ដែលបាន​បាញ់សម្លាប់ប្រពន្ធដោយសារ​ភ្លើងប្រចណ្ឌ​ នៅកន្លែងធ្វើការក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្បែរវិមានជ័យជំនះថៃកាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានចាប់ខ្លួនហើយនៅក្នុងផ្ទះមួយកន្លែងនៅ Phetcha​buri ភាគនិរតីទីក្រុងបាងកកនៅវេលាម៉ោង៤ និង៣០នាទីព្រឹកថ្ងៃនេះ។

បន្ទាប់ពីចាប់ខ្លួន ជនសង្ស័យជាខ្មាន់កាំភ្លើងអាយុ ៣៤ឆ្នាំ បានសារភាពពីការចោទប្រកាន់ទាំងអស់របស់ប៉ូលីស ហើយខ្មាន់កាំភ្លើងត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងប្រើអាវុធខុសច្បាប់នៅទីសាធារណៈ។ប៉ូលីសក៏បាននាំបុរសនោះត្រឡប់ទៅកាន់ប៉ុស្តិ៍នគរបាលផាយ៉ាថៃ នៅជិតកន្លែងកើតហេតុ កាលពីថ្ងៃចន្ទម្សិលមិញ។

កាលពីម្សិលមិញប៉ូលីសទីក្រុងបាងកកបានរាយការណ៍ពីការបាញ់សម្លាប់មួយលើស្ត្រីអាយុ ២៨ ឆ្នាំម្នាក់នៅឯគ្លីនិក Icon ក្នុងផ្សារទំនើប Century Movie Plaza ។ ចំណែកអ្នកឈរមើលក៏ត្រូវបានបាញ់សម្លាប់ក្នុងពេលមានហេតុការណ៍នោះដែរ។ បន្ទាប់មកខ្មាន់កាំភ្លើងបានរត់ចេញពីកន្លែងកើតហេតុភ្លាមៗ។

យោងតាមសម្ដីប៉ូលីសបានឲ្យដឹងថា អ្នករងរបួសគឺជាបុគ្គលិកម្នាក់ទៀតក្នុងគ្លីនិកនោះដែរ។ សាក្សីនៅកន្លែងកើតហេតុរាយការណ៍ថា ការបាញ់ខណៈនោះមានចំនួន ៧ គ្រាប់។

ប៉ូលីសក្រុងបាងកកបានប្រកាសកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Dan​uso​rn Nooncharoen ជាំអតីតស្វាមីរបស់ជនរងគ្រោះ។ ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា ធ្វើការជាសន្តិសុខនៅឯផ្សារទំនើប Siam Paragon។ យោងតាមប៉ូលីសបានឱ្យដឹងថា ប្តីប្រពន្ធនេះបានលែងលះគ្នាកាលពីសប្តាហ៍មុនបន្ទាប់ពីរៀបការបាន ១០ ឆ្នាំ។ ប៉ូលីសបានសន្និដ្ឋានថាឧប្បត្តិហេតុនេះកើតឡើងពីការប្រចណ្ឌនឹងបុរសថ្មីជាមួយអតីតភរិយា។

ប៉ូលីសបានរាយការណ៍នៅថ្ងៃនេះថា ពួកគេបានរកឃើញកំណត់ត្រាធ្វើឃាតពីខ្មាន់កាំភ្លើងដែលបានសរសេរថា គាត់នឹងសម្លាប់គូស្នេហ៍ថ្មីរបស់អតីតប្រពន្ធ ហើយបន្ទាប់មកគាត់នឹងសម្លាប់ខ្លួនឯង។

គួរបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើង ១០ ថ្ងៃបន្ទាប់ពីទាហានថៃបានបាញ់ប្រហារនៅខាងក្នុងផ្សារទំនើបមួយផ្សេងទៀតនៅកូរ៉ាតភាគឦសាននៃប្រទេសថៃ។ ការបាញ់រះនោះបានបណ្តាលឱ្យមនុស្ស ៣០ នាក់ស្លាប់រួមទាំងខ្មាន់កាំភ្លើង និងមនុស្សរងរបួស ៥០ នាក់ផ្សេងទៀត។ មួយសប្ដាហ៍ក្រោយការបាញ់រះរបស់ទាហានថៃនោះ គឺនៅថ្ងៃទី ១៤ ខែកុម្ភៈ ក៏មានការផ្ទុះអាវុធជាថ្មីម្ដងទៀតនៅក្បែរសាកលវិទ្យាល័យមួយ ប៉ុន្តែពុំមានអ្នកស្លាប់និងរងរបួសទេ៕

 

Facebook Comments
Loading...