គឹម វាសនា កៀកស្មារម៉ឺន មេឃា ជយបកីឡាករថៃដណ្តើមប្រាក់លាន

0
262

ភ្នំពេញ ៖ កីឡាករជើងខ្លាំងគឹម វាសនា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពពិសេស​ឆ័ត្រយោង​៩១១ ដឹកដៃកីឡាករម៉ឺន មេឃា អ្នកប្រដាល់សមាគមន៍កីឡាប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃវីណៃឡេក ផ.រ៉ាំងសាន់ និងកីឡាករយ៉តកុស៊ុន ច.ថាក់វិឆ័យ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

រវាងកីឡាករគឹម វាសនា និងកីឡាករថៃវីណៃឡេក ផ.រ៉ាំងសាន់ ប្រកួតគ្នាក្នុង​ប្រ​ភេទទម្ងន់៦៧គីឡូក្រាម អ្នកទាំងពីរមិនដែលធ្លាប់​ជួបគ្នាទេនាពេលកន្លងមក​នៅសង្វៀននេះ កីឡាករថៃម្នាក់នេះមិនទាន់ដឹងថា គេមាន​កណត់ត្រាប្រកួតបែបណានោះទេ តែកី​ឡា​ករថៃដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរភាគច្រើនគេពូកែខាងស្នៀតជើងទាត់ និង​ជង្គង់ ព្រម​ទាំងស្នៀតកាច់ផ្តួល។ទោះជា​យ៉ាង​​ណា អ្នក​ប្រដាល់ថៃវីណៃឡេក ផ.រ៉ាំងសាន់ ​រូបនេះ មិន​ប្រាកដថា​អាច​ឈ្នះ​ គឹម វាសនា បាននោះឡើយ ព្រោះថា​ គឹម វាសនា​ ពេល​នេះគេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ បន្ទាប់ពី​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​កន្លងមកនេះ។
​គឹម វាសនា ឥឡូវ​គេ​ជា​ជើង​ខ្លាំង​របស់​កម្ពុជា ​ក្នុង​ប្រភេទ​ទម្ងន់​៦៧ ​គីឡូក្រាម​នេះ។ ​ក្រោ​យ​ពេលឆ្លងកាត់​ការប្រកួត​ជាមួយ​កីឡាករបរទេស​ជាច្រើនលើក​កន្លងមក​នោះ បានធ្វើ​ឲ្យ​គេមានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺគ្មាន​ញញើត​ខ្លាចរអា​អ្វី​បន្តិច​ឡើយ។ ការប្រកួតរបស់គឹម វាសនា កន្លងមកគេមាន​កណ្តាប់ដៃ​ល្អ វាយ​ចេញ​ចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀតផងដែរ។ ចាំមើលការប្រកួតនេះ​ គឹម វាសនា និងកីឡាករថៃវីណៃឡេក ផ.រ៉ាំងសាន់ ​តើន​រណាជាអ្នក​ឈ្នះ​ទទួលបានប្រាក់លាន?។

ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃយ៉តកុស៊ុន ច.ថាក់វិឆ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ព្រោះកីឡាករថៃម្នាក់នេះជាកីឡាករជើងថ្មី តែយ៉ាងណាកីឡាករថៃភាគច្រើនវិជ្ជាគុនរបស់ពួកគេ មិនសូវជាខុសគ្នាប៉ុន្មាននោះទេ គឺពូកែខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហរ។

ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀនជួបទាំងកីឡាករកម្ពុជា និងកីឡាករបរទេស​ និង​ទទួ​ល​​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះធ្លាប់ចេញទៅប្រកួតនៅក្រៅស្រុកជាច្រើនលើក ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងស្នៀតកែងដ៍មុតស្រួចរបស់គេ ដែលធ្លាប់បានធ្វើឲ្យកីឡាករទាំងក្នុងស្រុកនិងក្រៅស្រុក បែកដោយសារស្នៀតកែងទាំងនេះ។​ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃយ៉តកុស៊ុន ច.ថាក់វិឆ័យ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាននេះ?​៕

Facebook Comments
Loading...